ថ្វីត្បិតតែហង្សមាស ជាផលិតកម្មធំជាងគេ ហើយតាំងពីមានទូរទស្សន៍ខ្លួនឯង បានទិញកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក មានដូចជា The Voice Cambodia ,Cambodian Idol និង I Am A Singer Cambodia ដែលប្រមូលបានតារាជើងថ្មីៗជាច្រើនក្តី តែអ្នកគ្រប់គ្រងទៅផលិតកម្មនេះ អ្នកស្រីអ៊ឹង គឹមលាង បញ្ជាក់ថា ហង្សមាស មិនមែនរកស៊ីតែមួយផ្លូវនេះទេ គឺសម្លឹងមើលតារាផ្សេងៗទៀត ដែលនៅក្រៅកម្មវិធីប្រលងនេះដែរ ដើម្បីឱ្យហង្សមាស ក្លាយទៅជាផលិតកម្មដែលសម្បូរទៅដោយតារាចម្រៀងដែលមានគ្រប់រសជាតិ។ យ៉ាងណា គិតមកដល់ខែកក្កដា ឆ្នាំ២០១៨ នេះ ហង្សមាស ត្រូវបានគេមើលឃើញថា ផលិតកម្មដែលប្រជុំទៅដោយតារាចម្រៀងខ្លាំងៗនេះ បានអូសទាញតារាចម្រៀងពីផលិតកម្មសាន់ដេ បានដោយជោគជ័យ រហូតដល់ទៅ៤ដួងទៅហើយ ដែលក្លាយទៅជាសមាជិករបស់ខ្លួន ៖
ឱក សុគន្ធកញ្ញា ៖ ក្រោយដើរចេញពីផលិតកម្ម Rock នោះ អតីតតារាចម្រៀងរស្មីស្ទឹងសង្កែ និង U2 នេះ បានលោតចូលសាន់ដេ ដោយមានបទចម្រៀងចេញមកល្បីជាបន្តបន្ទាប់។ ប៉ុន្តែ នៅឆ្នាំ២០១០ ឱក សុគន្ធកញ្ញា ត្រូវបានហង្សមាស អូសទាញចេញពីសាន់ដេ ហើយរយៈពេលជាង៧ឆ្នាំនេះ សុគន្ធកញ្ញា ក្តាប់តំណែងជាតារាស្រីឈានមុខគេនៅផលិតកម្មធំនេះ ដោយគ្មានតារាណាអាចផ្តួលនាងបានឡើយ បើទោះជា១ឆ្នាំដំបូង មានការខកចិត្ត ព្រោះគ្មានបទល្បីក៏ដោយ។ ជ្រកនៅទ្រនំធំនេះ អតីតតារាចម្រៀងផលិតកម្មសាន់ដេ បែកបាក់សង្សារចាស់ លោករ៉េតធី ដូណា នៅឆ្នាំ២០១១ ហើយកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី ប្អូនថៅកែផលិតកម្មហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ដែលធ្វើឱ្យមហាជន និងអ្នកសិល្បៈជាច្រើន មានការភ្ញាក់ផ្អើល។
ឱក សុគន្ធកញ្ញា កាន់តែមានឥទ្ធិពលខ្លាំងឡើងៗ នៅពេលដែលជិតក្លាយជាប្អូនថ្លៃលោកថៅកែហង្សមាសនេះ តែនាងគ្មានគម្រោងដឹកដៃលោកសុខលី ចូលរោងការឆាប់ៗឡើយ បន្ទាប់ពីពួកគេបានទិញវីឡាទ្រនំស្នេហ៍នៅបុរីអ័រគីដេ តម្លៃ២៤ម៉ឺនដុល្លារ។
សុខ ស្រីនាង ៖ អតីតតារាចម្រៀងផលិតកម្ម KH រូបនេះ បានឈានចូលផលិតកម្មសាន់ដេ ក្រោយពេលដែលនាងលែងលះជាមួយអតីតប្តីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១១។ នៅជាមួយសាន់ដេ សុខ ស្រីនាង មានការលេចធ្លោមធ្យម តាមរយៈការថតភាពយន្ត និងច្រៀង ដើរទន្ទឹមគ្នា តែនៅឆ្នាំ២០១៧ សុខ ស្រីនាង ក៏ហើរចេញពីសាន់ដេ ចូលទៅហង្សមាស ដោយសំអាងថា នាងផុតកុងត្រាហើយ គ្រាន់តែមកដល់ទ្រំធំនេះភ្លាម ស្រីនាង ត្រូវបានហង្សមាស លើកឱ្យធ្វើជាតួឯកក្នុងរឿង “រាជិនីភូមិគ្រឹះ”។
សុខ ស្រីនាង ល្បីជាងមុននៅពេលដែលផ្លាស់ទ្រនំថ្មីនេះ តាមរយៈបទចម្រៀង១បទ នៅហង្សមាស គឺបទ “ហត់ទេស្រលាញ់គេម្នាក់ឯង?”។ សុខ ស្រីនាង ដែលពីមុនចេះរាំច្រៀង តែបទស្លូវនោះ បានវិវត្តន៍ខ្លួនទៅជាអ្នកចម្រៀង ដែលមានក្រុមរាំអម ហើយតម្លៃខ្លួននាងច្រៀង១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លារ។
ខេមរៈ សិរីមន្ត ៖ អតីតតារាចម្រៀងជើងខ្លាំងរបស់សាន់ដេ មិនបានប្រាប់ថ្នាក់ដឹកនាំសាន់ដេ ត្រង់ៗថា ចេញពីសាន់ដេ ចូលទៅហង្សមាស ទេ គឺប្រាប់ថា ទៅបើកផលិតកម្មខ្លួនឯង ទើបពេលចេញបទចម្រៀងនៅហង្សាមាស ធ្វើឱ្យថៅកែសាន់ដេ និងក្រុមការងារសាន់ដេ មានការខកចិត្ត ទោះជាសិរីមន្ត ចេញពេលចប់កុងត្រាជាមួយសាន់ដេ ក្តី។ ការទទួលបានខេមរៈ សិរីមន្ត ធ្វើឱ្យហង្សមាស កាន់តែរឹងមាំ ព្រោះលែងមានតារាចម្រៀងនៅខាងក្រៅជាគូប្រជែងទៀតហើយ តែតាមរយៈការជ្រកនៅហង្សមាស ជិត១ឆ្នាំនេះ សិរីមន្ត ត្រូវបានអ្នកជំនាញសិល្បៈ និងមហាជនយល់ថា រូបគេ មិនទាន់មានភាពល្បីល្បាញខ្លាំង ដូចកាលនៅសាន់ដេ ឡើយ បើទោះជាមានបទចម្រៀងល្អៗច្រៀងជាបន្តបន្ទាប់ក្តី។
ប្រភពបានឱ្យដឹងថា ខេមរៈ សិរីមន្ត គ្រោងនឹងនាំយកប្អូនស្រីរបស់គេ ខេមរៈ ស្រីពៅ ដែលបាត់ខ្លួនជាច្រើនឆ្នាំនោះ ចូលហង្សមាស នាពេលខាងមុខដែរ។
នីកូ ៖ តារាចម្រៀងដែលធ្លាប់ល្បីថា មានស្នេហាជាមួយពិធីករអៀង វិច្ឆ័យ នេះ ក៏មិនខុសពីសិរីមន្ត ដែរ ចេញពីសាន់ដេ ថាទៅធ្វើបទចម្រៀងខ្លួនឯងចេញលើ Youtube តែតាមពិតចូលទៅជ្រកហង្សមាស តាមបងប្រុសរបស់ខ្លួន ណុប ប៉ាយ៉ារិទ្ធ ដែលកំពុងតែស្ងាត់អាជីពចម្រៀង ដូចចោរលួចសេះនោះសោះ។
នីកូ ត្រូវបានថៅកែហង្សមាស លើកបន្តុបឱ្យធ្វើជាតួឯក ជាមួយស្រីស្អាតពេជ្រ សូលីកា តាមរយៈរឿង “អាពាហ៍ពិពាហ៍ចៃដន្យ” បន្ទាប់ពីរូបគេមានទឹកមាត់លេប បទ “ចូក១” មក។ យ៉ាងណា ហង្សមាស អាចឱ្យនីកូ ងាកទៅថតភាពយន្តជាងផ្តោតលើអាជីពចម្រៀង ព្រោះថា សមត្ថភាពតារាចម្រៀងម្នាក់នេះមធ្យមប៉ុណ្ណោះ។
ប្រភពបានឱ្យដឹងថា ក្រៅពីអូសទាញអតីតតារាចម្រៀងផលិតកម្មសាន់ដេ បានសម្រេចដល់ទៅ៤ដួងនោះ ហង្សមាស គ្រោងនឹងអូសទាញតារាចម្រៀងឆាយ វីរៈយុទ្ធ ទៅម្នាក់ទៀត ក្រោយពេលដែលមុននេះ ហង្សមាស បរាជ័យនាំយកនាងអ៊ីវ៉ា ទៅដោយសារតារាវ័យក្មេងនេះ បានជ្រើសយកផលិតកម្មថោន វិញ ចោលហង្សមាស៕