ស្របពេលដែលភាពយន្ដខ្មែរ កំពុងតែធ្លាក់ចុះចំនួនអ្នកទស្សនា រហូតដល់៤០ទៅ៥០%នោះ ស្រាប់តែផលិតកម្ម Wonder Film Entertainment បានដាក់សម្ពោធរឿងថ្មីមួយនៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៨ គឺរឿង ”ស្នូរជើងអ្នកណា?” ដែលមានតារាល្បីៗ រួមទាំងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។
ភាពយន្ដបែបភ័យរន្ធត់នេះ តួឯកស្រី គឺជាតារាចម្រៀងប្រចាំផលិតកម្ម Wonder Film តែម្ដង គឺនាងលិញ លិញអាយុ២៧ឆ្នាំ។
តារាចម្រៀងសាច់សខ្ចី លិញ លិញ បានឲ្យដឹងថា “នាងមានអារម្មណ៍រំភើបរីករាយណាស់ ដែលបានគ្រងតំណែងតួឯករឿង ”ស្នូរជើងអ្នកណា?” បើទោះជាមានឈុតខ្លះ ថតរហូតដល់ភ្លឺមែន តែនាងសូមសំណូមពរតែម្យ៉ាងគត់ គឺសូមឲ្យទស្សនិកជនខ្មែរ ចូលទស្សនារឿងខ្មែរឲ្យបានច្រើនទាំងអស់គ្នា។
លិញ លិញ ថ្លែងថា ”ខ្ញុំជាអ្នកចម្រៀងប្រចាំផលិតកម្ម Wonder Film ហ្នឹង ហើយមាន Fan សំណូមពរឲ្យខ្ញុំចូលលេងភាពយន្ដ ទើបខ្ញុំចូលថត តែចិត្តនៅតែស្រលាញ់ខាងច្រៀងជាងអ៊ីចឹង។ រឿង ”ស្នូរជើងអ្នកណា?” នេះ ឈុតដែលខ្ញុំពិបាកសម្ដែងជាងគេ ត្រង់ខ្ញុំកាន់ទៀនចូលទៅបន្ទប់ក្រោមដីមួយ ដើម្បីរកកូនដែលត្រូវខ្មោចអន្ទងព្រលឹងយកទៅ ព្រោះតាំងពីទិញវីឡានោះមក ខ្ញុំមិនដែលចូលទៅបន្ទប់នោះទេ។ ឈុតហ្នឹងថតពីម៉ោង១២ដល់ម៉ោង៣ទៀបភ្លឺ ហើយខ្ញុំខ្លាចខ្មោចដែរហ្នឹង។ ក្រោយថតរឿងនេះចប់ ខ្ញុំថតរឿងថ្មីមួយទៀតឲ្យផលិតកម្ម Wonder Film គឺរឿង ”អន្ទងវិញ្ញាណ” ដែលនឹងដាក់បញ្ចាំងនាពេលខាងមុខនេះ”។
រឿង ”អន្ទងវិញ្ញាណ” បានដាក់បញ្ចាំងនៅថ្ងៃទី១៩ ខែកក្កដា នៅគ្រប់រោងភាពយន្ដទាំងអស់ ហើយលោកសែម វិសាល ថៅកែរផលិតកម្ម Wonder Film មានជំនឿចិត្តថា ភាពយន្ដនេះនឹងជាទីពេញនិយមនៃអ្នកទស្សនា ព្រោះបច្ចេកទេស និងប្លង់រឿងត្រូវបានសម្រិតសម្រាំងជាងរឿងមុនៗទៅទៀត។
លោកសែម វិសាល បានឲ្យដឹងថា ”រឿង ”ស្នូរជើងអ្នកណា?” នេះ ទាំងបច្ចេកទេស និងការចំណាយផ្សេងៗក្នុងរឿងទាំងមូល ផលិតកម្មចំណាយអស់ទឹកប្រាក់ពី៧ទៅ៨ម៉ឺនដុល្លារ ហើយយើងដាក់បញ្ចាំងនៅគ្រប់រោងកុនទំនើបៗទាំងអស់ ចាប់ពីថ្ងៃទី១៩ ខែកក្កដា តទៅ។ រឿងនេះជាភាពយន្ដបែបភ័យរន្ធត់ ហើយមានការអប់រំទៅលើផ្នែកសុខាភិបាល ពីការយកកូនខុសបច្ចេកទេស តើគ្រោះថ្នាក់យ៉ាងណា? ហើយក៏មានការឆ្លុះបង្ហាញពីការភ្លើតភ្លើនរបស់គូស្នេហាមួយចំនួន ដែលមានកូនមុនរៀបការ ហើយយកកូនចេញនោះថា វាប៉ះពាល់ប៉ុនណាដែរ។ ជាការពិត ការដាក់បញ្ចាំងរឿង ”ស្នូរជើងអ្នកណា?” នេះ គឺចំពេលដែលចំនួនអ្នកទស្សនាភាពយន្ដខ្មែរ កំពុងធ្លាក់ចុះរហូតដល់ទៅ៤០ទៅ៥០%ឯណោះ ដោយពួកគេងាកទៅមើលរឿងបរទេសវិញ តែខ្ញុំមិនខ្លាចដាក់បញ្ចាំងរឿងនេះទេ ព្រោះយើងជឿជាក់ទៅលើការផលិតរបស់យើងដែរ គឺយើងមានគុណភាព និងបច្ចេកទេសល្អ ដែលអាចឲ្យអ្នកស្សនាទទួលយកបាន។
មុននេះ ផលិតកម្ម Wonder Film បានទទួលការគាំទ្រពីបងប្អូនច្រើនដែរ តាមរយៈរឿង ”ផ្ទះចិញ្ចឹមខ្មោច” ដែលមានអ្នកទៅទស្សនាច្រើនអ៊ីចឹង យើងនៅតែមានជំនឿចិត្តចំពោះការផលិតរបស់យើងថា ប្រ ជាជនខ្មែរ នឹងទៅទស្សនាស្នាដៃរបស់យើងថ្មីនេះជាមិនខាន”៕