Sunday, November 17, 2024
Homeតារាខ្មែរម៉ៃ សុគន្ធ ជម្នះចេញបទ "សន្យាអាចម៍ឆ្កែ" ឲ្យខាងតែបាន ព្រោះមានអ្នកចាប់អារម្មណ៍ច្រើន

ម៉ៃ សុគន្ធ ជម្នះចេញបទ “សន្យាអាចម៍ឆ្កែ” ឲ្យខាងតែបាន ព្រោះមានអ្នកចាប់អារម្មណ៍ច្រើន

ខណៈដែលតារាចម្រៀងម៉ៃ សុគន្ធ ធ្លាប់តែធ្វើការរិះគន់ទៅលើតារាចម្រៀងហង្សមាស ខេមរៈ សិរីមន្ត ស្ពឹកមុខលើការលេងម៉ូដសក់ថា កូពីពីតារាចម្រៀង Justin Bieber ហើយថែមទាំងហៅសិរីមន្ត ថា ជាចាស់ស្ទីនកូពី និងវាយប្រហារទៅលើចម្រៀងបទ “ស្ទឹងត្រែងបងអើយ” ថា ជាបទលួចពីសៀមនោះ ស្រាប់តែពេលនេះ តារាចម្រៀងរហស្សនាមថា “កំពូលទើស” នោះ បានចេញបទថ្មីរបស់ខ្លួនជា Original Songs ដែលចំណងជើងប្លែកជាងគេលើលោក គឺបទ “សន្យាអាចម៍ឆ្កែ”។

អ្នកលេងបណ្តាញសង្គម បានឱ្យដឹងថា ចាំមើលម៉ៃ សុគន្ធ ដែលធ្លាប់តែរិះគន់គេកន្លងមកមិនសំចៃមាត់នោះ តើនឹងប្រឈមគេវាយប្រហារវិញឬយ៉ាងណាលើខ្លួនទៅ ព្រោះតែបទខ្លួនឯងចំណងជើងហាក់ខ្វះរកចំណងជើងផ្សេង ក្រៅពីនេះដាក់មិនបានទេអី បានជាដាក់អ៊ីចឹង?

ជាមួយគ្នានេះដែរ អ្នកខ្លះបានលើកឡើងដែរថា តើបទថ្មីជា Original Songs របស់លោកម៉ៃ សុគន្ធ “សន្យាអាចម៍ឆ្កែ”  នេះ ពិតជាពីរោះជាងបទថ្មីរបស់ខេមរៈ សិរីមន្ត ឬបានជាសាមីខ្លួនថា មានការគាំទ្រច្រើន ហើយមានអ្នកទន្ទឹងរង់ចាំមើល MV យ៉ាងអន្ទះសារទៀតផង?

យ៉ាងណា ម៉ៃ សុគន្ធ បានប្រាប់អ្នកកាសែតថា ខ្លួនមិនខឹង និងមិនចាប់អារម្មណ៍ទៅលើអ្នករិះគន់ទាំងឡាយនោះទេ ហើយចំណងជើង “សន្យាអាចម៍ឆ្កែ” នោះ គឺមិនអាចប្តូរបានឡើយ ព្រោះថា អត្ថន័យនោះគឺត្រូវនឹងចំណងជើងនេះ ប្តូរអត់បាន។

ម៉ៃ សុគន្ធ ថែមទាំងជម្នះគ្រប់ឧបសគ្គទាំងអស់ ធ្វើយ៉ាងណាឱ្យចេញបទនេះ ឱ្យខាងតែបាន ហើយអ្នកចម្រៀងរូបនេះមានសង្ឃឹមថា បទនេះនឹងធ្វើឱ្យរូបគេល្បីថែមទៀតផងដែរ ព្រោះថា គ្រាន់តែចេញជា Audio ភ្លាម មានអ្នកស្គាល់ និងចាប់អារម្មណ៍លើបទនេះគ្រប់ៗគ្នា អ៊ីចឹងពេលដែលចេញជា MV នោះ តើបទនេះនឹងត្រូវគេនិយមយ៉ាងណាទៅ?

ទោះជាយ៉ាងណា មហាជនរង់ចាំមើលថា  បទ “សន្យាអាចម៍ឆ្កែ” របស់ម៉ៃ សុគន្ធ ពេលដែលចេញជា Full MV ខាងមុខនេះ នឹងផ្ទុះការរិះគន់ ឬការគាំទ្រច្រើនជាង?៕

RELATED ARTICLES