តារាចម្រៀង3ដួងរបស់ផលិតកម្មរស្មីហង្សមាស គឺអ្នកនាងពេជ្រ សោភា, រ៉េត ស៊ូហ្សាណា និងលោក Step បានលេចមុខនៅសណ្ឋាគារ The Great Duke Cambodia កាលពីព្រឹកថ្ងៃទី20 ខែកក្កដា ឆ្នាំ2018 ក្នុងកម្មវិធីរបស់ក្រុមហ៊ុន Oppo ដែលដាក់បង្ហាញផលិតផលថ្មី Oppo Findx។ ក្រៅពីតារាចម្រៀងទាំង3ដួងរបស់ហង្សមាស ពេជ្រ សោភា, រ៉េត ស៊ូហ្សាណា និងលោក Step ដែលជាអ្នកតំណាងរបស់ Oppo នោះ ក៏មានពិធីការលោកជា សុវណ្ណារិទ្ធ និងកញ្ញាហ៊ិន ច័ន្ទនីរ័ត្ន រួមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ដែលបានចូលរួមសាកល្បងនូវទូរស័ព្ទ Oppo Find X នេះ។
ពេជ្រ សោភា, រ៉េត ស៊ូហ្សាណា និងលោក Step បានឈរកាន់ទូរស័ព្ទម៉ូឌែលថ្មី Oppo Find X នេះឱ្យអ្នកកាសែតថតដោយរីករាយ ហើយតារាទាំង3 ក៏បានបង្ហាញពីគុណភាពនៃទូរស័ព្ទដ៏ទំនើបនេះដល់ភ្ញៀវទាំងអស់ដែលចូលរួមផងដែរ។
ពេជ្រ សោភា បានឱ្យដឹងថា នាងពេញចិត្តក្នុងការធ្វើការជាមួយក្រុមហ៊ុន Oppo ព្រោះស្រួលធ្វើការជាមួយគ្នា ហើយនាងចាត់ទុក Oppo ជាក្រុមហ៊ុនដែលផ្តល់នូវភាពកក់ក្តៅដល់រូបនាង ដូចក្រុមហ៊ុនហង្សមាស ដែរ ព្រោះថា រាល់ពេលធ្វើការជាមួយគ្នា គឺមានសប្បាយរីករាយជាមួយគ្នាជានិច្ច។
ពេជ្រ សោភា ក៏បានឱ្យដឹងថា ទូរស័ព្ទស្មាតហ្វូន Oppo Find X បានណែនាំនូវអេក្រង់បែប Panoramic ជាមួយនឹងសមាមាត្រ 93/8% ដែលជាកម្រិតធំជាងគេដំបូងបង្អង់ក្នុងឧស្សាហកម្មទូរស័ព្ទ។ Oppo Findx ក៏មានលក្ខណៈពិសេស ដោយបំពាក់នូវបច្ចេកវិទ្យាច្នៃប្រឌិត ដែលបង្កើតឡើងដោយ Oppo និងត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការឱ្យបាន លើសពីការរំពឹងទុករបស់អតិថិជន។ ចំពោះការ Oppo Find X វិញ ក្រុមហ៊ុននឹងដាក់លក់នៅទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃទី5 ខែសីហា ឆ្នាំ2018 ក្នុងតម្លៃ899ដុល្លារ ហើយវាមាន2ពណ៌ សម្រាប់ជ្រើសរើស គឺ Bordeaux RTed (ពណ៌ក្រហម) និង Glacier blue (ពណ៌ខៀវ)។
ដោយឡែក អ្នកតំណាង Oppo បានឱ្យដឹងថា ក្រៅពីមានតារាចម្រៀងល្បីទាំង3ដួង ដែលជាអ្នកតំណាងឱ្យ Oppo ដើម្បីសម្ពោធ Oppo Find X នេះដែរ ក្រុមហ៊ុនក៏បានប្រកាសនូវម៉ូឌែល Oppo Find X Automobili Lamborghini Edition ដែលវាត្រូវបានសហការរវាងក្រុមហ៊ុន Oppo និងក្រុមហ៊ុនរថយន្តស្ព័រដ៏ល្បី គឺ Automobili Lamborghini ផងដែរ តែវាមិនមានលក់នៅទីផ្សារកម្ពុជាឡើយ។
ពេជ្រ សោភា, រ៉េត ស៊ូហ្សាណា និងលោក Step បានឱ្យដឹងថា ពួកគេពិតជាមានអារម្មណ៍រីករាយ ដែលបានរួមការងារជាមួយក្រុមហ៊ុន Oppo តាមរយៈស្ពតពាណិជ្ជកម្ម និងការច្រៀង Concert ជាច្រើននាពេលកន្លងមក។
ពេជ្រ សោភា ក៏បានបន្ថែមថា នាងរំភើបណាស់ពេលដែលឃើញរូបភាពរបស់នាងលើផ្ទាំង Banner ជាច្រើនត្រូវបានគេដាក់តាំងនៅតាមហាងនានា នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើន ហើយនាងយល់ថា ការលេចមុខក្នុងស្ពតរបស់ Oppo នោះ នឹងធ្វើឱ្យនាងនិងតារាផ្សេងៗទៀត កាន់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនបន្ថែមពីលើអាជីពចម្រៀង ដែលអាចធ្វើឱ្យនាងក៏ដូចជា ហ្សាណា និងលោក Step មានឈ្មោះល្បីថែមទៀតជាមិនខាន។
ប៉ុន្តែ នៅពេលដែលត្រូវសួរពីតម្លៃនៃការចុះកុងត្រាជាមួយ Oppo នោះ សោភា មិនធ្វើអត្ថាធិប្បាយឡើយ គ្រាន់តែនាងបង្ហើបថា មួយពេញចិត្ត ពិសេសគឺនាងរីករាយក្នុងការធ្វើការជាមួយ Oppo ព្រោះក្រុមហ៊ុននេះផ្តល់តម្លៃ និងកិត្តិយសដល់ និងតារាសិល្បៈផ្សេងទៀតដូចគ្នាដែរ៕