ភ្នំពេញ ៖ រថយន្តបំពាក់សឺរ៉ែនរបស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល១គ្រឿង ពេលកំពុងស្ថិតនៅលើសាឡាង ដើម្បីឆ្លងទៅត្រើយម្ខាង ស្រាប់តែមានការឆាបឆេះយ៉ាងខ្លាំងចេញពីម៉ាស៊ីនរថយន្ត បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្មករលើសាឡាងយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់មិនរលត់ លុះសាឡាងមកដល់ច្រាំង ក៏នាំគ្នារុញទម្លាក់ទឹក ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើសាឡាងកំពង់ដអរិយក្សត្រ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Camry ស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខ នគរបាល ២-០៣៨០ បានបើករថយន្តឡើងទៅខាងលើសាឡាង (វិស្នុ) បំណងឆ្លងពីត្រើយម្ខាងភ្នំពេញ ទៅត្រើយម្ខាងអរិយក្សត្រ ក្នុងទិសដៅពីលិចទៅកើត។ លុះពេលសាឡាងបើកជិតដល់មាត់ច្រាំងទន្លេត្រើយខាងអរិយក្សត្រ ពោលគឺនៅសល់តែចំងាយប្រមាណ២០០ ទៅ៣០០ម៉ែត្រទៀតប៉ុណ្ណោះដល់ច្រាំង អ្នកបើករថយន្តក៏ចាប់ផ្តើមបញ្ឆោះរថយន្ត ស្រាប់តែភ្លាមនោះ គេឃើញមានផ្សែង ឃ្មួលខ្មាញ់ចេញមកពីម៉ាស៊ីន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងពេញសាឡាងតែម្តង។
ប្រភពដដែលបន្តថា ភ្លាមនោះ ក្រុមកម្មករសាឡាងបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ដែរ តែភ្លើងមិនរលត់សោះ។ លុះសាឡាងបើកទៅដល់ច្រាំង ក្រុមកម្មរ ព្រមទាំងអ្នកដំណើរនៅលើសាឡាង បាននាំគ្នារុញរថយន្តនោះចូលទឹកតែម្តង ទើបភ្លើងបានរលត់ទៅវិញ។
ជុំវិញហេតុការណ៍ខាងលើនេះ មិនមានមនុស្សណាម្នាក់ទទួលរងរបួសនោះទេ គ្រាន់តែបង្កឱ្យមានការខូចខាតរថយន្តសឺរ៉ែនខាងលើ មួយកំណាត់ផ្នែកខាងមុខប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តសឺរ៉ែនខាងលើ ដែលជាមន្ត្រីប៉ូលិសនៃអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា មូលហេតុនៃឆាបឆេះរថយន្តមកពីឆ្លងខ្សែភ្លើង បន្ទាប់មក អ្នកបើកបររថយន្តរូបនេះ ក៏ទាក់ទងហៅរថយន្តស្ទូច មកស្ទូចរថយន្តពីក្នុងទឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ៕