ខេត្តកំពង់ឆ្នាំង ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទឹក ស្ថិតក្នុងសភាពហើមស្អុយរលួយ អណ្តែតមកទើជាប់នឹងលបប្រជានេសាទ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឱម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។
សាកសពបុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៣០ ទៅ៤០ឆ្នាំ មានតែខោខ្លីពណ៌ខ្មៅមួយជាប់ខ្លួនប៉ុណ្ណោះ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជានេសាទម្នាក់ បានប្រទះឃើញសាកសពខាងលើអណ្តែតទឹកក្នុងកំប្លោក មកទើជាប់នឹងលបរបស់ប្រជានេសាទនៅកន្លែងកើតហេតុខាងលើ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ និងបានស្រង់យកសាកសពជនរងគ្រោះឡើងមកលើគោក ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ។ តាមលទ្ធផលកោសល្យវិច័យឃើញថា សាកសពមានសភាពហើមស្អុយរលួយ និងគ្មានសម្លៀកបំពាក់ជាប់ខ្លួននោះទេ ពោលគឺមានតែខោខ្លីពណ៌ខ្មៅមួយប៉ុណ្ណោះ។ តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ ដោយសារលង់ទឹក ពោលគឺមិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ៕