ខេត្តកណ្តាល៖ យុវជនចិត្តកំណាចឃោរឃៅម្នាក់ ព្រោះតែខឹងសុំលុយម្តាយមិនបាន ក៏ធ្វើសកម្មភាពអុកឡុកពេញផ្ទះ ដោយវាយបំផ្លាញឆ្នាំងចាន និងទ្រព្យរបស់ក្នុងផ្ទះគ្មានសល់ បន្ទាប់មកក៏ទាញកាំបិតប៉័ងតោ ដេញកាប់ម្តាយបង្កើតព្រមទាំងប្អូនស្រីរបស់ខ្លួន ធ្វើឱ្យកើតមានការផ្អើល ឆោឡោពេញភូមិ និងត្រូវស្ត្រីជាម្តាយទប់ចិត្តលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកជាប់ខ្លួនកូនប្រុសអកតញូរូបនេះ យកទៅចាត់ការតាមច្បាប់។
ករណីកូនប្រុសទាញកាំបិតដេញកាប់ម្តាយ និងប្អូនស្រី ព្រោះតែខឹងរឿងសុំលុយអត់បាននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង២ និង៤៥រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។
កូនប្រុសកំណាចដែលដេញកាប់ម្តាយបង្កើត ដោយគ្មានខ្លាចបុណ្យបាបនេះ មានឈ្មោះផាន សិលា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះសួន ម៉ាច អាយុ៤៦ឆ្នាំ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីរបស់ស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ គឺជាមនុស្សគ្មានការងារអ្វីធ្វើនោះទេ មួយថ្ងៃៗ ទំនេរអត់ប្រយោជន៍ ដើរតែផឹកស៊ីស្រវឹងអួទីនួរាល់តែថ្ងៃ។ មិនតែប៉ុណ្ណោះកូនប្រុសនេះ មានចរិតកោងកាចខ្លាំងណាស់ មិនចេះស្តាប់បង្គាប់ គាត់ជាម្តាយនោះទេ ហើយឱ្យតែផឹកស្រាស្រវឹង ចេះតែរករឿងអុកឡុកពេញផ្ទះរហូត។
ស្ត្រីជាម្តាយបន្តថា នៅមុនពេលកើតហេតុ កូនប្រុសកំណាចរូបនេះ ស្រាប់តែបានមកស្រែកទារលុយពីគាត់ជាម្តាយ លុះគាត់ប្រាប់ថា គ្មានលុយទេ ស្រាប់តែកូនប្រុសនេះបានផ្ទុះកំហឹង ស្ទុះទៅវាយបំផ្លាញរបស់ទ្រព្យក្នុងផ្ទះគ្មានសល់ លុះគាត់ចូលទៅឃាត់ ស្រាប់តែកូនប្រុសបានទាញកាំបិតប៉័ងតោ (ផ្លែដែកដងឈើ) មកដេញកាប់គាត់ជាម្តាយ និងថែមទាំងដេញកាប់ប្អូនស្រីរបស់គេទៀតផង៕