ភ្នំពេញ ៖ យុវជនម្នាក់នៅសុខៗក៏ស្រាតសម្លៀកបំពាក់ចេញអស់ពីខ្លួន (ននលគក) រួចក៏យកដៃទាំងពីរក្តោបប្រដាប់ភេទ ដោយមានប្រឡាក់ឈាមជោកជាំ និងបានស្រែកឆោឡោ ហៅគេឯងឱ្យជួយ ថាមានគេធ្វើអំពើ និងបានកាត់ប្រដាប់ភេទរបស់គេចោលបាត់ទៅហើយ ធ្វើឱ្យ កើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចទាំងកណ្តាលយប់។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចមុខព្រះបរមរាជវាំង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
យុវជនដែលបង្កការភ្ញាក់ផ្អើលខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជិត ២០ឆ្នាំប៉ុណ្ណោះ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនរូបនេះ មិនដឹងមកពីណានោះទេ បានមកអង្គុយទាំងខ្លួនស្រាតននលគកនៅមុខព្រះឆាយាល័ក្ខណ៍ ដោយដៃទាំង២បានក្តោបប្រដាប់ភេទជាប់ និងឃើញប្រលាក់សុទ្ធតែឈាម រួចស្រែកឱ្យគេជួយ។ ភ្លាមនោះ ប្រជាពលរដ្ឋដែលមកកម្សាន្តនៅទីនោះស្មានថា យុវជនខាងលើរូបនេះ បានកាត់ប្រដាប់ភេទខ្លួនឯង ក៏កើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។
ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមក សមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះក៏បានចុះទៅដល់ទីតាំងកើតហេតុ និងបានទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន មកដឹកយកទៅព្យាបាល។ ប៉ុន្តែទៅបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែយុវជននោះទាមទារចុះមិនព្រមទៅព្យាបាល ហើយលោកគ្រូពេទ្យក៏ពិនិត្យមើលទៅឃើញថា មិនដូចដែលយុវជននេះនិយាយឡើយ ពោលគឺប្រដាប់ភេទរបស់ជនរងគ្រោះមិនមានរបួស (ត្រូវគេកាត់) អ្វីនោះឡើយ គ្រាន់តែមានស្នាមរយះដៃពីរបីកន្លែង ទើបបណ្តាលឱ្យហូរឈាមបែបនេះ។
ក្រោយពេលកើតហេតុ យុវជនបែកថ្នាំខាងលើ បានចុះពីរថយន្តសង្គ្រោះបន្ទាន់វិញ និងបានសុំលុយប៉ូលិសចំនួន៥០០រៀល លុះសមត្ថកិច្ច ម្នាក់ហុចលុយ១ពាន់រៀលឱ្យយុវជនរូបនោះ ក៏បានដើរចេញទៅបាត់ទៅ៕