ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ ដែលតែងបង្ហោះវីដេអូបកស្រាយពីបញ្ហាសុខភាពផ្លូវភេទពេញៗមាត់ ដោយមិនមានការអៀនខ្មាស តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនោះ ថ្មីៗនេះបានធ្វើការបកស្រាយប្រធានបទថ្មីមួយទៀត ជុំវិញមូលហេតុពេលដែលរួមភេទឈឺ ឬចេញឈាម តើគួរធ្វើយ៉ាងណា?
នារីរូបស្រស់ ដែលជាម្ចាស់គណនីហ្វេសប៊ុក A Dose of Cath កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បានធ្វើការបកស្រាយលើប្រធានបទ ការរួមភេទឈឺ ឬចេញឈាម តាមរយៈវីដេអូឃ្លីបរយៈពេល៣នាទី និង៥៥វិនាទីថា “គេនិយាយតំណាលតៗគ្នាថា ការរួមភេទ គឺឈឺណាស់ តែតាមពិតទៅ ការរួមភេទឈឺមែនដែរអត់? ខ្ញុំលឺសំណួរនេះច្រើនណាស់ដែរ តើការរួមភេទឈឺអត់? ហេតុអ្វីបានជាឈឺនៅពេលរួមភេទ? ហើយ ហេតុអ្វីបានជាចេញឈាមនៅពេលរួមភេទ? ការរួមភេទមិនគួរឈឺ ឬចេញឈាមទេ លើកលែងតែលើកទី១ ដោយសារតែការដាច់រលាត់សន្ទះព្រហ្មចារីយ៍ ប៉ុន្តែខ្ញុំក៏ចង់បញ្ជាក់ដែរថា ការរួមភេទលើកទី១ មិនមែនសុទ្ធតែចេញឈាមទាំងអស់ទេ ប៉ុន្តែបើវាមិនមែនជាការរួមភេទប៉ុន្មានលើកដំបូង ហើយឈឺ ឬក៏ចេញឈាមនៅពេលដែលរួមភេទ តើមកពីមូលហេតុអី ហើយគួរធ្វើយ៉ាងណា?
ទី១-ដោយសារតែមិនមានទឹករំអិលគ្រប់គ្រាន់ នៅពេលដែលមិនមានទឹករំអិលគ្រប់គ្រាន់ គឺមានការដាច់រលាត់ស្បែកដែលធ្វើឱ្យឈឺ ឬចេញឈាម មូលហេតុដែលធ្វើឱ្យមិនមានទឹករំអិល គ្រប់គ្រាន់ គឺអាចមកពីមិនមានការបបោសអង្អែលគ្រប់គ្រាន់នៅមុនពេលដែលរួមភេទ ឬក៏ខាងស្រី មិនមានអារម្មណ៍ផ្លូវភេទ ប៉ុន្តែកត្តាធំមួយ ទៀតគឺអ័រម៉ូន នៅពេលដែលកម្រិតអ័រម៉ូនទាប គឺធ្វើឱ្យប៉ះពាល់ដល់ភ្នៀសប្រដាប់ភេទ ដែលនាំឱ្យផលិតទឹករំអិលមិនគ្រប់គ្រាន់ មូលហេតុដែលធ្វើឱ្យកម្រិតអ័រម៉ូនទាប គឺមានដូចជាវិធីសាស្ត្រពន្យាកំណើតការបំបៅដោះកូន ឬក៏ការអស់រដូវ ចឹងគួរធ្វើយ៉ាងណា នៅក្នុងករណីនេះ អ្វីដែលអាចធ្វើ បានគឺបង្កើនការបបោសអង្អែលនៅមុនពេលដែលរួមភេទ ឬក៏ប្រើទឹករំអិលជំនួយនៅពេលដែលរួមភេទ។ ទី២-ដោយសារតែទំហំប្រដាប់ភេទបុរស មូលហេតុនេះ គឺងាយស្រួលយល់ហើយ ក្នុងករណីដែលទំហំប្រដាប់ភេទបុរសធំពេក ដែលធ្វើឱ្យឈឺក្នុងពេលរួមភេទ ដំណោះស្រាយគឺប្រើ ទឹករំអិលជំនួយដូចគ្នា ឬក៏កុំកំរោលពេកនៅពេលដែលរួមភេទ យើងក៏ត្រូវតែស្វែងយល់ពីដៃគូដែរថា តើមានអារម្មណ៍យ៉ាងណា?។ ទី៣-ដោយ សារតែជំងឺ ឬការរលាក ពេលខ្លះការឈឺចាប់នៅពេលរួមភេទ គឺមកពីកត្តាសុខភាព ជំងឺមួយចំនួនដែលនាំឱ្យឈឺនៅពេលរួមភេទ គឺមានដូចជា ជំងឺកាមរោគ រលាកប្រដាប់ភេទ ឬជំងឺផ្សិតជាដើម ក្នុងករណីនេះ មិនមានដំណោះស្រាយណាមួយដែលយើងអាចធ្វើដោយខ្លួនឯងបានទេ គឺត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ទី៤-ដោយសារតែការឈឺចាប់នៅមាត់ប្រដាប់ភេទ ការឈឺចាប់នៅមាត់ប្រដាប់ភេទរ៉ាំរ៉ៃ គឺជាប្រភេទជំងឺមួយដែលគេមិនទាន់ដឹងមូលហេតុនៅឡើយទេ ប៉ុន្តែវាគឺជាមូលហេតុមួយដែលនាំឱ្យឈឺចាប់នៅពេលរួមភេទ។ ទាំងអស់នេះគឺគ្រាន់តែជាមូលហេតុចំបងទេ នៅពេលដែលមានការឈឺចាប់ ឬចេញឈាមខុសពីធម្មតា វាគឺជាសញ្ញាមួយដែលបង្ហាញថា មានអ្វីមួយមិនប្រក្រតីហើយ សូម្បីតែនៅក្នុងការរួមភេទ សម្រាប់មនុស្សស្រី ការរួមភេទមិនគួរឈឺទេ នៅពេលដែលឈឺ គឺមានន័យថា យើងកំពុងតែធ្វើអ្វីមួយខុស ឬមានបញ្ហាណាមួយហើយ នៅពេលដែលឈឺខ្លាំង ឈឺញឹកញាប់ ឬក៏ចេញឈាម អ្វីដែលត្រូវធ្វើ គឺត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ព្រោះវាអាចជាបញ្ហាធ្ងន់ធ្ងរ កុំខ្មាសអៀនអី ព្រោះវាជាសុខភាពរបស់យើង ជីវិតផ្លូវភេទរបស់យើង ការរួមភេទមិនគួរជាអ្វីដែលយើង គួរតែទ្រាំៗឱ្យតែហើយទេ និយាយពីការរួមភេទអ៊ីចឹង យើងក៏ត្រូវរួមភេទដោយមានសុវត្ថិភាពដែរ ស្រោមអនាម័យគឺសំខាន់ណាស់នៅក្នុងការរួមភេទដែលមានសុវត្ថិភាព…”៕