Tuesday, January 21, 2025
Homeសង្គម និងជីវិតឈឺពោះឆ្លងទន្លេ ដឹកទៅពេទ្យសម្រាល កូនរស់ អកុសលម្តាយស្លាប់

ឈឺពោះឆ្លងទន្លេ ដឹកទៅពេទ្យសម្រាល កូនរស់ អកុសលម្តាយស្លាប់

ខេត្តកំពង់ធំ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ឈឺពោះសម្រាលក៏ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីឱ្យគ្រូពេទ្យ ជួយសម្រាល លុះសម្រាលកូនរួចដោយសុវត្ថិភាព ស្រាប់តែស្ត្រីជាម្តាយ ហាក់កើតមានអាការៈល្អិតល្ហៃខ្សោយទៅៗ និងត្រូវក្រុមគ្រួសារ សុំបញ្ជូនទៅមន្ទីរពេទ្យបង្អែកដែរ តែគ្រូពេទ្យមិនអនុញ្ញាត រហូតដល់ស្ថានភាពកាន់តែដុនដាប ត្រូវក្រុមគ្រួសារបង្ខំចិត្តដឹកតាមរ៉ឺម៉កម៉ូតូកង់៣ ទៅមន្ទីរពេទ្យ ក៏ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ស្ត្រីរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ស្ត្រីសម្រាលកូនស្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅមណ្ខលសុខភាពល្អក់ ស្ថិតក្នងភូមិល្អក់ ឃុំក្រយា ស្រុកសន្ទុក។

ស្ត្រីរងគ្រោះ ដែលសម្រាលកូនស្លាប់ មានឈ្មោះរ៉ា ហ៊ីម អាយុ៣៦ឆ្នាំ មានប្តីឈ្មោះជា ស៊ុយ អាយុ៥៦ឆ្នាំ និងមានកូនប្រុស២នាក់ ក្នុងបន្ទុក សព្វថ្ងៃមានលំនៅក្នុងភូមិត្រពាំងព្រីង ឃុំក្រយា ស្រុកសន្ទុក។

តាមសម្តីស្ត្រីឈ្មោះសេត ឡា អាយុ៤១ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា បងថ្លៃរបស់គាត់ បានចាប់ផ្តើមឈឺពោះសម្រាល នៅវេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ភ្លាមនោះ គាត់ក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពល្អក់ ដើម្បីឱ្យគ្រូពេទ្យជួយសម្រាល លុះរយៈពេលប្រហែលជាជាង២០នាទីក្រោយមក ទើបឃើញអ្នកគ្រូពេទ្យម្នាក់ឈ្មោះហង្ស សោភណ្ឌ័ អាយុ២៨ឆ្នាំ ជាបុគ្គលិកពេទ្យមណ្ឌលសុខភាពល្អក់ មកដល់តាមក្រោយ ហើយបានឱ្យបងប្អូនជួយលើកស្ត្រីជនរងគ្រោះ ដាក់លើកន្លែងសម្រាលកូន បន្ទាប់មក អ្នកគ្រូពេទ្យនោះក៏បានពិនិត្យមើលស្បូនជនរងគ្រោះ រួចរាល់ហើយបានប្រហែល១០នាទី ក៏បែកទឹកភ្លោះ ហើយយអ្នកគ្រូពេទ្យនោះបានប្រាប់ថា ម្តាយកូនមានសុវត្ថិភាព រួចផុតពីគ្រោះថ្នាក់។

ប្រភពដដែលបន្តថា ក្រោយមកស្ត្រីរងគ្រោះ ចាប់ផ្តើមអស់កម្លាំងទៅៗ ទើបក្រុមគ្រួសារឃើញមិនស្រួល ក៏សុំអ្នកគ្រូពេទ្យនោះ ដើម្បីសុំបញ្ជូនស្ត្រីរងគ្រោះនោះទៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក ដែលស្ថិតនៅកំពង់ថ្ម តែអ្នកគ្រូពេទ្យនោះមិនព្រមអនុញាតឱ្យទៅទេ និងចេះតែឆ្លើយថា មិនអីទេៗ ហើយចេះតែយកសេរ៉ូមព្យួរមួយផ្លោកហើយមួយផ្លោកទៀត រហូតដល់៥ផ្លោក នៅមិនធូរស្រាល ចេះតែធ្ងន់ទៅៗ ទើបសម្រេចចិត្តឱ្យយករឺម៉កកង់៣ដឹកជនរងគ្រោះនោះទៅមន្ឌីរពេទ្យបង្អែកបារាយណ៍ សន្ទុក តែអកុសលបានត្រឹមពាក់កណ្តាលផ្លូវ ត្រង់ចំណុចខាងលិចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ទើបក្រុមគ្រួសារ សម្រេចដឹកសពត្រឡប់ទៅផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកគ្រូពេទ្យឈ្មោះហង្ស សោភ័ណ បានបញ្ជាក់ប្រាប់ថា ដោយសារអ្នកសម្រាលកូននោះ (ស្ត្រីរងគ្រោះ) មានរោគបេះដូង ហើយឡើងជាតិស្ករឡើងខ្ពស់ ចំណែកផ្លូវបញ្ជូនទៅកាន់មន្ទីរបង្អែកស្រុកក៏លំបាក ទើបជួបនឹងបញ្ហាបែបនេះតែម្តង។

ទាក់ទងទៅនឹងករណីខាងលើ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីខាងមន្ទីរសុខាភិបាល និងប្រធានមណ្ឌលសុខភាពល្អក់ បាននៅ ឡើយ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES