Tuesday, January 21, 2025
Homeសង្គម និងជីវិតថ្ងៃចូលរោងការ កូនក្រមុំរំភើបពេក ដួលសន្លប់

ថ្ងៃចូលរោងការ កូនក្រមុំរំភើបពេក ដួលសន្លប់

ខេត្តរតនគិរី ៖ កូនកំលោះក្រមុំវ័យក្មេងមួយគូ កំពុងអង្គុយសំពះព្រះសង្ឃសូត្រមន្តថ្ងៃចូលរោងការសុខៗ ក៏ស្រាប់តែភាគីកូនក្រមុំរំភើបពេក ក៏ដួលសន្លប់នៅកណ្តាលចំណោមបងប្អូនសាច់ញាតិ និងភ្ញៀវយ៉ាងច្រើន បង្កឱ្យមានការភ្ញាក់ផ្អើល ប្រញាប់ដឹកបញ្ជូនកូនក្រមុំទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសម្រេចផ្អាកពិធីកណ្តាលទី ជាបណ្តោះអាសន្ន។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចរោងមង្គលការមួយកន្លែង ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។

កូនក្រមុំដែលដួលសន្លប់ក្នុងពិធីសូត្រមន្តចូលរោងការ មានឈ្មោះឆៃ លីណា អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះសំ សុខា ត្រូវជាម្តាយកូនក្រមុំ បានរៀបរាប់ប្រាប់ថា កូនក្រមុំរបស់គាត់ដែលត្រូវចូលរោងការនេះ មានឈ្មោះឆៃ លីណា អាយុ១៧ឆ្នាំ ជាគូអនាគតនឹងកូនប្រសាឈ្មោះរិះ រាជ អាយុ១៧ឆ្នាំដូចគ្នា។ នៅមុនពេលកើតហេតុ គាត់បានរៀបចំពិធីមង្គលការឱ្យកូនស្រី ដែលត្រូវសូត្រមន្តចូលរោងការនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លុះដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃរៀបការ និងទទួលភ្ញៀវពិសាភោជនាហារ។

ស្ត្រីជាម្តាយកូនក្រមុំ បន្តថា លុះពិធីសូត្រមន្តចូលមកដល់ ដោយមានព្រះសង្ឃនិមន្តមករៀបចំកិច្ច ព្រមទាំងមានការចូលរួមពីសាច់ញាតិ បងប្អូន រួមនឹងភ្ញៀវដែលជាអ្នកស្រុកភូមិយ៉ាងច្រើនកុះករនោះ ស្រាប់តែពេលកំពុងអង្គុយសំពះព្រះសង្ឃសុខៗ កូនស្រីរបស់គាត់ក៏ចាប់ផ្តើមកើត មានអាការៈទន់ដៃជើង ដួលសន្លប់តែម្តង ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញរោងពិធី និងត្រូវបានពួកគាត់ប្រញាប់ដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យ បង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់អស់រយៈពេលជាង១ម៉ោង ទើបកូនស្រីបានដឹងខ្លួនឡើងវិញ ចំណែកពិធីសូត្រមន្តចូលរោងការត្រូវផ្អាកជាបណ្តោះអាសន្នសិន ព្រោះជីវិតកូនស្រីសំខាន់ជាង៕

RELATED ARTICLES