ខេត្តកណ្តាល ៖ បុរសម្នាក់បានទៅអង្គុយផឹកស៊ីនៅផ្ទះមិត្តភក្តិ លុះចាប់ផ្តើមស្រវឹងស្រឿងៗ ក៏ត្រូវប្រពន្ធទូរស័ព្ទហៅឱ្យត្រឡប់ទៅផ្ទះវិញ ម្តងជា២ដង ធ្វើឱ្យបុរសជាប្តីខ្មាសនឹងមិត្តភក្តិត្រឡប់មកដល់ផ្ទះវិញ ក៏កើតមានរឿងទាស់សម្តីជាមួយប្រពន្ធបន្តិចបន្តួច រួចក៏ឡើងទៅសម្ងំចងកសម្លាប់ខ្លួននៅក្នុងបន្ទប់របស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ។
បុរសគំនិតខ្លីដែលខឹងប្រពន្ធតិចតួច បែរជាដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិត មានឈ្មោះសុខា រ៉ានី អាយុ២៨ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះស្រេង គឹមស៊ាង ហៅក្តាម មុខរបរលក់បន្លែ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងគឺជាមនុស្សញៀនស្រា តែងដើរផឹកស៊ីស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ហើយឱ្យតែស្រវឹងម្តងៗ តែងមករករឿងប្រពន្ធកូនក្នុងផ្ទះមិនដែលស្វាង។ នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ប្តីរបស់នាង បានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិ លុះក្រោយមកដោយសារតែដល់ម៉ោងត្រូវចេញទៅប្រមូលទិញបន្លែយកមកទុកលក់ ទើបនាងបានខលទូរស័ព្ទទៅរកប្តី ហៅឱ្យត្រឡប់មកផ្ទះវិញ តែប្តីនាងមិនព្រមមកភ្លាមៗទេ ទើបនាងបានចុចទូរស័ព្ទម្តងជា២ដង។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះមួយសន្ទុះធំក្រោយមកទើបលេចមុខប្តីវិលមកផ្ទះវិញ ហើយក៏ស្រាប់តែមករករឿងនាង ដែលបានខលទៅរំខានការផឹកស៊ីរបស់ប្តីថា នាងធ្វើឱ្យប្តីខ្មាសមិត្តភក្តិ កណ្តាលចំណោមវង់ផឹកស៊ី ប្រពន្ធខលហៅមិនឈប់ បន្ទាប់មក នាងនិងប្តីក៏បាន កើតមានទំនាស់ពាក្យសម្តីគ្នាមួយប្រាវ រហូតដល់ម្តាយរបស់នាងចេញមកឃាត់ ទើបប្តីបានឡេងិទៅសម្ងំនៅលើផ្ទះបាត់ទៅ ចំណែកនាងបានចេញទៅរកទិញបន្លែនៅក្នុងភូមិតែម្នាក់ឯងទៅ។ ស្រាប់តែ មកដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃដដែល កូនស្រីពៅរបស់នាង បានរត់មកប្រាប់ថា ឃើញឪចងកនៅក្នុងបន្ទប់លើផ្ទះ។ ឮបែបនេះនាងក៏ស្ទុះឡើងទៅមើល ក៏ប្រទះឃើញប្តីយកមុងចងកជាប់នឹងធ្នឹមផ្ទះ ទើបប្រញាប់ជួយគ្នាស្រាយចំណងដាក់ប្តីចុះក្រោម មិនស្ទាបមើលឃើញថានៅមានដង្ហើម ក៏ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ តែអកុសល ដោយសារតែស្ថានភាពប្តីធ្ងន់ធ្ងរពេក ទើបដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យទៅ៕