ខេត្តកណ្តាល ៖ បុរសម្នាក់បានផឹកស្រាស្រវឹងជោកជាំ លុះត្រឡប់មកដល់ផ្ទះវិញ ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធកូនខ្ចី ដែលទើបនឹងសម្រាលបាន១០ថ្ងៃ ក្រោយមកស្រាប់តែបុរសជាប្តីកំណាចផ្ទុះកំហឹង ក៏ស្ទុះទៅលើកឆ្នាំងបាយដែលកំពុងដាំពុះនៅលើចង្ក្រាន ជះដាក់ប្រពន្ធ និងកូនតូច បណ្តាលឱ្យរលាកពេញខ្លួន។
ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារ ប្តីកំណាចជះបាយកំពុងដាំពុះ លើប្រពន្ធ និងកូនតូចទើបសម្រាលបាន១០ថ្ងៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅលើទូកស្នាក់នៅរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ។
ជនដៃដល់ជាប្តីចិត្តកំណាច ដែលលើកឆ្នាំងបាយដាំពុះលើចង្ក្រាន ជះដាក់ប្រពន្ធកូន បណ្តាលឱ្យរលាកនេះ មានឈ្មោះឈា ឈង អាយុ៣៧ឆ្នាំ មុខរបរនេសាទ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះធី គឹមលាង អាយុ២៥ឆ្នាំ មុខរបរនេសាទ (រងរបួសរលាកពេញខ្លួន)។ ប្តីប្រពន្ធខាងលើ មានកូន៣នាក់ក្នុងបន្ទុក ក្នុងនោះកូនង៉ែតទើបកើតបាន១០ថ្ងៃជាកូនទី៣ ដែលទទួលរងរបួសដែរនោះ មានឈ្មោះឈង គីមហេង ភេទស្រី អាយុ១០ថ្ងៃ (រលាកត្រង់មុខ)។ ក្រុមគ្រួសារខាងលើនេះ ស្នាក់នៅលើទូកនេសាទ ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាបថា នៅមុនពេលកើតហេតុ ប្តីរបស់នាង (ជនសង្ស័យ) បានចេញទៅផឹកស៊ីជាមួយមិត្តភក្តិរហូតដល់ស្រវឹងជោកជាំ ទើបត្រលប់មកលើទូកនេសាទជាកន្លែងស្នាក់នៅវិញ។ ពេលមកដល់ ប្តីនេះបានយកធុងបាសបើកស្តាប់ ឮៗ ទើបនាងបានស្រែកប្រាប់ប្តីឱ្យបន្ថយសម្លេងបន្តិចទៅ ព្រោះកូនតូចកំពុងដេក ធ្វើឱ្យប្តីនេះ ខឹងសម្បានឹងនាងម្តងរួចមកហើយ តែមិនទាន់ផ្ទុះជាហិង្សានោះទេ។
ស្ត្រីរងគ្រោះជាប្រពន្ធ បន្តថា លុះបន្តិចក្រោយមក កូនតូចៗរបស់នាង បានឈ្លោះប្រកែកវាយគ្នា ស្រាប់តែពេលនោះ ប្តីនាងបានស្ទុះទៅវ៉ៃកូន ទើបធ្វើឱ្យនាងនិងប្តី បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប៉្រាវ ស្រាប់តែភ្លាមនោះ ប្តីកំណាចបានស្ទុះទៅលើកឆ្នាំងបាយ ដែលកំពុងដាំពុះនៅលើចង្ក្រាន មកជះដាក់នាង និងកូនតូចទើបអាយុ១០ថ្ងៃ បណ្តាលឱ្យរលាកមុខកូនតូច ចំណែកនាងរលាកពេញខ្លួនប្រាណ៕