ខេត្តកំពង់ចាម ៖ បុរសជាប្តីម្នាក់បានចេញទៅផឹកស្រា ច្រៀងខារ៉ាអូខេតាំងពីព្រឹក រហូតដល់ក្បាលល្ងាច ទើបត្រឡប់មកផ្ទះវិញទាំងស្ថានភាពស្រវឹងជោកជាំ លុះមកដល់ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ ដោយចោទប្រពន្ធថាកំពុងបែកចិត្តមានប្រុសថ្មី រួចក៏បិទទ្វារចាក់សោចូលសម្ងំក្នុងផ្ទះពេញ១យប់ ដោយមិនឱ្យប្រពន្ធកូនចូលឡើយ រហូតដល់ព្រឹកឡើង ក៏ត្រូវបានប្រពន្ធប្រទះឃើញ ប្តីចងកស្លាប់ នៅក្នុងផ្ទះបាត់ទៅហើយ។
ករណីបុរសជាប្តី ផ្ទុះភ្លើងប្រចណ្ឌ រួចក៏គិតខ្លីចងកបញ្ចប់ជីវិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិបុសពោធិ ឃុំមេសជ្រៃ ស្រុកស្ទឹង។
បុរសជាប្តីដែលចងកធ្វើអត្តឃាត ព្រោះតែមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងនេះ មានឈ្មោះអេល តាំ អាយុ៥០ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានប្រពន្ធឈ្មោះអន ទូច អាយុ៤៥ឆ្នាំ ជាជនជាតិខ្មែរឥស្លាម។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា ប្តីរបស់គាត់ម្នាក់នេះ គឺជាមនុស្សមានចិត្តប្រចែប្រចណ្ឌប្រពន្ធខ្លាំងណាស់ ទោះជាប្តីប្រពន្ធគាត់មានវ័យចំណាស់រៀងខ្លួនអស់ទៅហើយ ក៏ប្តីនៅតែមានចិត្តសង្ស័យនេះ សង្ស័យនោះមិនឈប់ រហូតចោទប្រកាន់ថាគាត់មានប្រុសថ្មី ទៀតផង។ ដោយសារតែការប្រចណ្ឌខុសរឿងនេះហើយ ទើបកន្លងមក កាលពីអំឡុងឆ្នាំ២០១៦ ប្តីធ្លាប់បានចងកសម្លាប់ខ្លួនម្តងរួចមកហើយ តែសំណាងល្អដាច់ខ្សែចំណង ធ្វើឱ្យធ្លាក់ចុះក្រោមវិញ មិនស្លាប់ដូចបំណង។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ប្តីរបស់គាត់បានចេញទៅផឹកស៊ី និងច្រៀងខារ៉ាអូខេជាមួយមិត្តភក្តិតាំងពីព្រឹក រហូតដល់ម៉ោង៥ល្ងាច ទើបត្រឡប់មកផ្ទះវិញ។ នៅពេលមកដល់ផ្ទះវិញ ប្តីក៏បានជេរបញ្ចោរគាត់ប្រពន្ធ និងចោទប្រកាន់ថាគាត់កំពុងមានប្រុសឈ្មោលក្បត់ចិត្តប្តីទៀតផង ទោះជាគាត់ខំប្រឹងបកស្រាយពន្យល់យ៉ាងណា ក៏ប្តីមិនព្រមស្តាប់ និងថែមទាំងបានចូលទៅក្នុងផ្ទះ រួចចាក់សោខ្ទាស់គន្លឹះពីក្នុងជាប់ និងបានសម្ងំនៅក្នុងផ្ទះពេញ១យប់ ដោយមិនឱ្យប្រពន្ធកូនចូលឡើយ។
ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង៦និង២០នាទីព្រឹក ដោយសារតែមិនទាន់ឃើញប្តីបើកទ្វារផ្ទះទៀត ទើបគាត់បានដើរទៅអើតមើលក្នុងផ្ទះ ស្រាប់តែប្រទះឃើញប្តីចងកស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង៕