ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងតែងលេបថ្នាំសម្រួលអារម្មណ៍ជាប់ជាប្រចាំ លុះពេលលេបថ្នាំលើសកម្រិត ក៏បណ្តាលឱ្យប្រតិកម្មថ្នាំ ទៅជាប្រកាច់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
យុវជនរងគ្រោះដែលលេបថ្នាំលើសកម្រិតបណ្តាលឱ្យស្លាប់ មានឈ្មោះនាគ ណែប អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះល្មុត សី ត្រូវជាម្តាយរបស់យុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយជាច្រើនឆ្នាំមកហើយ ហើយនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ កូនប្រុសគាត់បានលេបថ្នាំសម្រួលអារម្មណ៍ប្រភេទអាមីទ្រីបទីលីន ជាប់ជាប្រចាំ ដោយថ្នាំនេះកូនប្រុសគាត់ បានទិញពីទីក្រុងភ្នំពេញមកលេបដោយខ្លួនឯង និងឃើញថា រយៈពេលដែលកូនប្រុសលេបថ្នាំនេះ អាការៈជំងឺមិនសូវជាធ្វើទុក្ខប៉ុន្មានឡើយ។
ស្ត្រីជាម្តាយបន្តថា ស្រាប់តែមកដល់ថ្ងៃកើតហេតុខាងលើ កូនប្រុសរបស់គាត់ ក៏បានលេបថ្នាំសម្រួលអារម្មណ៍នេះ ដូចសព្វដង ប៉ុន្តែមិនដឹង ជាលេបហួសកម្រិត ឬយ៉ាងម៉េចមិនដឹង ស្រាប់តែកើតមានអាការប្រកាច់ ធ្វើឱ្យគាត់ជាម្តាយស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយ និងប្រញាប់ដឹកកូនប្រុសទៅកាន់គ្លីនិក ទេវិន ខេត្តបន្ទាយមានជ័យ លុះទៅដល់ មិនទាន់លើកចុះពីរថយន្តនៅឡើយ គ្រូពេទ្យក៏បានឡើងមកពិនិត្យ រួចក៏ប្រាប់ថា កូនប្រុសរបស់គាត់បានស្លាប់បាត់ទៅហើយ៕