ខេត្តកំពង់ចាម ៖ បុរសវ័យចំណាស់ម្នាក់ បានជិះកង់ទៅច្រូតស្មៅនៅឯស្រែ ស្រាប់តែអកុសល រេចង្កូតធ្លាក់ចូលទៅក្នុងស្រែ បណ្តាលឱ្យឈ្លក់ទឹកស្រែស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិតាំងត្រពាំង ឃុំល្វា ស្រុកព្រៃឈរ។
បុរសចំណាស់រងគ្រោះ ដែលជិះកង់ធ្លាក់ចូលស្រែ បណ្តាលឱ្យឈ្លក់ទឹកស្លាប់ មានឈ្មោះជា អីម អាយុ៥៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី២៥ កក្កដា សមត្ថកិច្ចប៉ុស្តិ៍ឃុំល្វា បានទទួលព័ត៌មានពីលោកជុំ គង់ មេឃុំល្វា តាមរយៈអាយកូមថា មានករណីបុរសចំណាស់ម្នាក់ បានជិះកង់ឌុបស្មៅ ហើយក៏បានរេចង្កូតដួលចូលស្រែ (មានស្រូវមានទឹក) ជាប់ថ្នល់ ស្ថិតនៅខាងជើងភូមិតាំងត្រពាំងចម្ងាយ៧៥ម៉ែត្រ បណ្តាលឱ្យឈ្លក់ទឹកស្លាប់។
ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ ប៉ុន្តែពុំឃើញសាកសព ដោយបងប្អូននិងក្រុមគ្រួសារ យកមកតម្កល់នៅផ្ទះសាកសព។ បន្ទាប់មកកំលាំងប៉ុស្តិ៍ និងជំនាញបានទៅដល់ផ្ទះជនរងគ្រោះ និងបានបង្កើតគណៈកម្មការចំរុះពិនិត្យសាកសព រួចបញ្ជាក់ថា នៅលើរាងកាយ និងផ្នែកអវៈយវៈពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារ សម្ពាធឈាមឡើងខ្ពស់ បណ្តាលឱ្យគាំងបេះដូងនៅពេលជិះកង់ដួលធ្លាក់ចូលស្រែមានទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់ដោយខ្លួនឯងប្រាកដមែន៕