ខេត្តកណ្តាល ៖ សង្ឃវ័យចំណាស់មួយអង្គ តែងផឹកស្រា និងលួចទាក់ទងស្រីញីខុសធម៌វិន័យ រហូតដល់ចៅអធិការវត្តដឹង ក៏ចាប់ផ្សឹក ស្រាប់តែជនកំហូចលួចទៅស្លៀកស្បង់ដោយខ្លួនឯង បន្លំខ្លួនជាសង្ឃ ដើររកប្រាក់ទំនុកបម្រុង ផ្គាប់ផ្គុនស្រីស្នេហ៍ជាស្ត្រីមេម៉ាយ រហូតដល់ចុងក្រោយបែកធ្លាយរឿងស្រីស្នេហ៍ក្បត់ចិត្ត ក៏ផឹកស្រាស្រវឹង រួចទៅរករឿងវាយដំ ធាក់ស្រីស្នេហ៍ចំកណ្តាលមុខ បន្ទាប់មកក៏ធ្វើសកម្មភាពដុតផ្ទះ ស្រីស្នេហ៍បណ្តាលឱ្យឆេះខ្ទេចគ្មានសល់ ផ្អើលដល់សមត្ថកិច្ចចុះចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍សង្ឃក្លែងក្លាយ ខឹងស្រីស្នេហ៍ក្បត់ចិត្ត វ៉ៃដំ រួចដុតផ្ទះស្រីស្នេហ៍ឆេះម៉ត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ។
ជនសង្ស័យជាសង្ឃក្លែងក្លាយ ដែលដុតផ្ទះស្រីស្នេហ៍ឆេះម៉ត់នេះ មានឈ្មោះឃុន ខេង អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ (បួសជាសង្ឃក្លែងក្លាយ) ស្នាក់នៅក្នុងវត្តភ្នំតូច ស្តិតក្នុងភូមិរំលេច ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវប្រុសស្នេហ៍ជាសង្ឃក្លែងក្លាយដុតកំទេចនោះ មានឈ្មោះផាត យេង អាយុ៤៧ឆ្នាំ មុខរបរលក់ផ្លែអំពិល មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីរបស់ជនសង្ស័យឈ្មោះឃុន ខេង (សង្ឃក្លែងក្លាយ) បានរៀបរាប់ប្រាប់ថា ខ្លួនធ្លាប់បួសជាសង្ឃតាំងឆ្នាំ២០០៤ ដោយកាលណោះ គង់នៅវត្តស្បែង ស្ថិតក្នុងភូមិធ្យូង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានរយៈពេល២ឆ្នាំ។ រហូតដល់ឆ្នាំ២០០៦ បានទៅគង់នៅវត្តព្រះវិហារសំណរ រយៈពេល២ឆ្នាំ ដល់ឆ្នាំ២០០៨ ចាប់ផ្តើមស្គាល់ស្ត្រីរងគ្រោះឈ្មោះផាត យេង។
ជនសង្ស័យបន្តថា ដំបូងឡើយ ស្ត្រីរងគ្រោះបានមកឱ្យខ្លួនជួយស្តោះផ្លុំ ជំងឺដុះដុំគីសនៅត្រង់សុដន់ ហើយជនរងគ្រោះក៏ធ្លាប់បានធ្វើម្ហូប (ចង្ហាន់) សម្រាប់ឱ្យខ្លួនឆាន់រៀងរាល់ថ្ងៃ ទើបធ្វើឱ្យខ្លួនដែលកាលណោះនៅភេទជាសង្ឃ បានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីរងគ្រោះ រហូតធ្លាប់លួចរួមរ័កជាមួយគ្នាច្រើនលើកច្រើនសារទៀតផង។ លុះចូលដល់ឆ្នាំ២០១៧ ព្រះចៅអធិការវត្តបានឃើញខ្លួនផឹកស្រា និងមានស្រីញី ប្រព្រឹត្តខ្លួនប្រាសចាកធម៌វិន័យ ក៏បានចាប់ខ្លួនផ្សឹក។ ក្រោយផ្សឹករួចមក ខ្លួនបានលបលួចគ្រងស្បង់ចីវរដោយខ្លួនឯង ហើយរត់ទៅគង់នៅវត្តភ្នំតូច ស្ថិតក្នុងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រហូតមក។ នៅអំឡុងពេលនេះ ខ្លួន និងស្ត្រីរងគ្រោះនៅតែបន្តលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាដដែល ហើយខ្លួនចេះតែដើរបិណ្ឌបាត្រ យកលុយមកផ្គាប់ផ្គុនស្រីស្នេហ៍ម្នាក់នេះរហូត ដោយធ្លាប់ទិញទូរស័ព្ទម៉ាកសាំងស៊ុង១គ្រឿង តម្លៃ៤០ដុល្លារ ឱ្យជនរងគ្រោះប្រើប្រាស់ទៀតផង។
ជនសង្ស័យ បានឱ្យដឹងទៀតថា លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០១៨ បុរសឈ្មោះឡុង បូរ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានមកជួបស្ត្រីរងគ្រោះនៅផ្ទះ រួចហើយក៏បបួលស្ត្រីរងគ្រោះឡើងសាលាឃុំវិហារហ្លួង ផ្តិតមេដៃលែងលះគ្នា ពេលផ្តិតមេដៃរួច ឈ្មោះ ឡុង បូរ បានត្រឡប់ទៅផ្ទះប្រពន្ធចុងនៅក្រុងតាខ្មៅវិញ។ បន្ទាប់មកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ឈ្មោះឡុង បូរ បានជិះម៉ូតូមកជួបខ្លួន នៅចំណុចវត្តខាងលើ ហើយខ្លួនបានឱ្យលុយជាង២ម៉ឺនរៀលទៅឈ្មោះឡុង បូរ ដើម្បីទិញស្រាបៀរផឹកទាំង២នាក់។ ពេលអង្គុយផឹកបណ្តើរឈ្មោះ ឡុង បូរ បាននិយាយពោលពាក្យថា ស្ត្រីរងគ្រោះ (ផាត យេង) បានទាក់ទងប្រុសថ្មី ដោយបានយកទូរស័ព្ទដៃឱ្យទៅប្រុសនោះទៀតផង លុះសួរ នាំនាងបែរជានិយាយថាចោរលួចបាត់ទៅវិញ។
ជនសង្ស័យ បានបញ្ជាក់ថា បន្ទាប់មក នៅវេលាម៉ោង១រសៀលថ្ងៃដដែល ឈ្មោះឡុង បូរ បានបបួលខ្លួនថា អត់ទៅលេងស្រុកទេអី? បន្ទាប់មកឈ្មោះឡុង បូរ បានជិះម៉ូតូឌុបខ្លួនទៅដល់ចំណុចវត្តវាំងចាស់ ទើបខ្លួនបានឱ្យឈ្មោះឡុង បូរ ជិះម៉ូតូចូលលេងព្រះសង្ឃមួយអង្គឈ្មោះ មួង សឿង គង់នៅក្នុងវត្តវាំងចាស់ រួចក៏បានជជែកគ្នាលេង រហូតដល់ម៉ោង៥ល្ងាច ឈ្មោះឡុង បូរ ក៏បានជិះម៉ូតឌុបខ្លួនទៅក្បែរផ្ទះឈ្មោះកង កន្និថា ភេទស្រី នៅភូមិឃុំកើតហេតុខាងលើ ចំណែកឈ្មោះ ឡុង បូរ បានជិះម៉ូតូចេញទៅមុនបាត់ទៅ។ ក្រោយមកខ្លួនបានទៅផ្ទះឈ្មោះហ៊ូ ភារ៉ា ហៅ កុយ ភេទប្រុស អាយុ៤៩ឆ្នាំ ហើយក៏បានឱ្យលុយទៅឈ្មោះហ៊ូ ភារ៉ា ហៅកុយ ដើម្បីទៅទិញស្រាបៀរមកផឹកបន្តទៀត។ លុះដល់ម៉ោង៨យប់ថ្ងៃដដែល ខ្លួនបានដើរទៅរកស្ត្រីរងគ្រោះនៅផ្ទះ តែពុំបានឃើញទេ ក៏ដើរត្រឡប់ទៅផ្ទះឈ្មោះហ៊ូ ភារ៉ា ហៅកុយ វិញ រហូតដល់វេលាម៉ោង៩យប់ ខ្លួនបានដើរមករកជនរងគ្រោះម្តងទៀត ទាំងស្ថានភាពស្រវឹង លុះទៅដល់ជួបមុខស្រីស្នេហ៍នេះ ខ្លួនក៏សួរនាំរឿងទូរស័ព្ទដៃដែលខ្លួនបានទិញឱ្យប្រើប្រាស់កន្លងមក ស្រាប់តែស្ត្រីរងគ្រោះជាស្រើស្នេហ៍ បានប្រាប់មកវិញថា ចោរលួចបាត់ហើយ។ ពេលជនរងគ្រោះនិយាយដូច្នោះ ខ្លួនចាប់ផ្តើមផ្ទុះកំហឹង ស្ទុះទៅធាក់ស្ត្រីរងគ្រោះចំផ្ទៃមុខ១ជើង និងចំខ្លួន១ជើង ខណៈដែលស្ត្រីរងគ្រោះកំពុងដេកនៅក្នុងផ្ទះ។ ពេលនោះស្ត្រីរង គ្រោះពុំបានតបតជាមួយទេ តែនាងបានទូរស័ព្ទហៅកូនស្រីរបស់នាងឈ្មោះឡង់ រដ្ឋា អាយុ២៧ឆ្នាំ ឱ្យជិះម៉ូតូមកយកនាងដោយខ្លាចខ្លួនវាយធ្វើបាបទៀត។
បន្ទាប់មកស្ត្រីរងគ្រោះបានដើរទៅលើថ្នល់ជាតិលេខ៥ ដើម្បីរង់ចាំកូនមកឌុបចេញទៅ ចំណែកខ្លួនបាននៅអង្គុយក្រោមផ្ទះ របស់ស្ត្រីរងគ្រោះតែម្នាក់ឯង រួចក៏បែកគំនិតដុតផ្ទះស្រីស្នេហ៍នេះចោលតែម្តង។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានប្រជាពរដ្ឋបានឃើញផ្ទះរបស់ជនរងគ្រោះត្រូវភ្លើងឆេះ រួចក៏បានប្រទះឃើញជនសង្ស័យឈ្មោះឃុន ខេង រត់ចេញពីកន្លែងកើតហេតុដើម្បីគេចខ្លួនផងដែរ។ ភ្លាមនោះ ប្រជាពលរដ្ឋមានការសង្ស័យបានរាយការណ៍ទៅ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលវិហារហ្លួង រួចក៏កម្លាំងសមត្ថកិច្ទនគរបាលប៉ុស្តិ៍បានចុះទៅដល់ និងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ។
បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុស្រវឹង និងបានប្រគល់ជនសង្ស័យ ជូនទៅឱ្យការិយាល័យធម្មការ និងសាសនាបកស្បង់ចីវរ ក្លែងក្លាយផ្សឹកចោល ហើយបានប្រគល់ឱ្យសមត្ថកិច្ចជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕