ខេត្តតាកែវ ៖ បុរសម្នាក់ បានទៅទារលុយថ្លៃលក់ស្រូវពីបងស្រី តែបងស្រីមិនព្រមឱ្យ ទើបធ្វើឱ្យកើតជាជំលោះតឹងសសៃក រួចក៏ត្រូវភាគីប្អូនប្រុសស្ទុះទៅទាញត្បូងចបមកវាយសំពងទាំងបងស្រី និងប្តី (បងថ្លៃ) បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៥៨នាទីព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអំរែ ឃុំព្រៃអំពក ស្រុកគិរីវង់។
ជនសង្ស័យដែលប្រើហិង្សាវាយបងស្រី និងបងថ្លៃរបួសធ្ងន់ មានឈ្មោះខឹម ជា អាយុ៤៩ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាបងស្រីបង្កើតរបស់ជនសង្ស័យ មានឈ្មោះខឹម ថុក មានប្តីឈ្មោះស៊ឹម លឹប អាយុ៥៦ឆ្នាំ។ ទាំងជនសង្ស័យ រួមនឹងក្រុមគ្រួសារជនរងគ្រោះ ជាបងស្រី មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យខាងលើ គឺជាមនុស្សដែលមានសតិមិនសូវប្រក្រតីនោះទេ។ នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរទៅផ្ទះបងស្រី ដើម្បីទារប្រាក់ថ្លៃលក់ស្រូវ តែបងស្រីមិនព្រមឱ្យ ទើបបង្កជាជម្លោះតឹងសរសៃកដាក់គ្នា។ ភ្លាមនោះ ជនសង្ស័យជាប្អូនប្រុស បានស្ទុះទៅទាញត្បូងចប ដេញវាយបងស្រីបង្កើត និងវាយបងស្រីចំត្រចៀកខាងស្តាំបណ្តាលឱ្យរងរបួស។ ឃើញបែបនេះ ជនរងគ្រោះជាប្តីឈ្មោះស៊ឹម លឹប និងត្រូវជាបងថ្លៃរបស់ជនសង្ស័យ បានចេញទៅឃាត់ ស្រាប់តែត្រូវជនសង្ស័យ សំពង១ត្បូងចបដែរ ចំដើមដៃ ខាងស្តាំ និងចំបបូរមាត់រយះហូរឈាមរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធតែម្តង៕