ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ដែលបានធ្វើសកម្មភាពសម្លាប់កាត់ក្បាលក្មេងប្រុសម្នាក់ ប្លន់យកម៉ូតូ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចភូមិស្មន់មុនី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផាន់ បញ្ញារិទ្ធ ហៅវ៉េវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងទី២-ឈ្មោះហុន ធីតា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដោយឡែកក្មេងប្រុសរងគ្រោះ ដែលត្រូវឃាតករដៃឆៅ សម្លាប់កាត់ក្បាល មានឈ្មោះណុប លឹមហេង អាយុ១២ឆ្នាំ រស់នៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើឡើងដោយកម្លាំងនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងអនុវត្តតាមដីកាចំនួន២ របស់តុលាការខេត្តតាកែវ ក្នុងនោះសមត្ថកិច្ច បានបើកប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ដោយជនជាប់ចោទជាប់ពាក់ព័ន្ធករណីប្លន់សម្លាប់ជនរងគ្រោះនៅខេត្តតាកែវ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថា យោងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ០៨៤ និង០៨៥ ដ.ប.ខ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តតាកែវ កម្លាំងនគរបាលខេត្តបាត់ដំបង សហការកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តតាកែវ ក៏ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនជាប់ចោទបានទាំង២នាក់នេះតែម្តង។ ក្រោយចុះអនុវត្តដីកាបានសម្រេចហើយ កម្លាំងនគរបាលខេត្តបាត់ដំបង បានបញ្ជូនជនល្មើសឱ្យទៅកម្លាំងនគរបាលខេត្តតាកែវដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង១២ថ្ងៃត្រង់ មានជនសង្ស័យចំនួន២នាក់ រួមមាន ទី១-ឈ្មោះផាន់ បញ្ញារិទ្ធ ហៅវ៉េវ និងទី២-ឈ្មោះហ៊ុន ធីតា បាននាំក្មេងប្រុសរងគ្រោះ ឈ្មោះណុប លឹមហេង និងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1O-6405 ហើយក៏បាត់ដំណឹងរហូត។ លុះមកដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក៏ស្រាប់តែប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះ ស្លាប់ក្នុងសភាពដាច់ក ផ្នែកក្បាលសល់តែលលាដ៍ ចំណែកដងខ្លួនរលួយ និងមានដង្កូវចោះ នៅចំណុចទីទួលមួយកន្លែង ស្ថិតក្នុងភូមិស្មន់មុនី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។