ខេត្តព្រៃវែង ៖ បុរស១ក្រុមបានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមប្រកាន់សម្តីគ្នា ដោយភាគីម្ខាងអាយុច្រើនជាង ចោទថាភាគីម្ខាងទៀត មានវ័យក្មេង តែប្រើសម្តីវ៉ៃស្មើ ចង់មើលងាយ ក៏ទាញចានសាច់ក្លែមគប់គូទំនាស់ បណ្តាលឱ្យ បែកចិញ្ចើមរងរបួសធ្ងន់ និងត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។
ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិជំរៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច។
ជនបង្កហេតុ មានឈ្មោះម៉ក់ រស្មី អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះ មានឈ្មោះ ហ៊ាង ខ្លយ អាយុ២០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កហេតុ បានអង្គុយផឹកស៊ីជុំគ្នាជាមួយនឹងអ្នកភូមិប៉ុន្មាននាក់ទៀត លុះក្រោយពេលផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ស្រាប់តែកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា ដោយភាគី ជនបង្កឈ្មោះម៉ក់ រស្មី មានអាយុចាស់ជាង បានប្រកាន់នឹងជនរងគ្រោះឈ្មោះហ៊ាង ខ្លយ ដែលមានវ័យក្មេងជាង ថាបាននិយាយខិតលើខិតក្រោម មើលងាយខ្លួន ទើបផ្ទុះជាកំហឹង ទាញចានសាច់ក្លែម គប់សំដៅគូទំនាស់ បណ្តាលឱ្យបែកចិញ្ចើមរងរបួសធ្ងន់ ហូរឈាមជោកខ្លួនតែម្តង៕