ខេត្តកំពំង់់់ចាម ៖ ជនសង្ស័យម្នាក់ ទើបនឹងចេញពីពន្ធនាគារមិនទាន់បានប៉ុន្មានផង ក៏បែកគំនិតទៅចាប់រំលោភសេពសន្ថវៈក្មេងស្រីវ័យជំទង់ម្នាក់រហូតដល់បានសំរេចដល់ទៅ៤លើក ទើបបែកការណ៍ដឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន នាំយក មកសាកសួរ ស្រាប់តែជនសង្ស័យបានប្រកែកថា រូបគេធ្លាប់រំលាភក្មេងស្រីរងគ្រោះបានតែ៣ដងប៉ុណ្ណោះ។
ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងជាបន្តបន្ទាប់ចំនួន៤ដង នៅក្នុងខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ជនសង្ស័យល្មោភកាម ដែលទទួលរងការចោទប្រកាន់ថាបានចាប់រំលោភក្មេងស្រីចំនួន៤ដង មានឈ្មោះសែម សុខប៉េង ហៅឡេង ហៅអ៊ូក អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះអ.ល អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ម្តាយរបស់ក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅផ្នែកព្រហ្មទណ្ឌស្រុកព្រៃឈរថា នៅអំឡុងខែកក្កដា ឆ្នាំ២០១៨ នេះ ឈ្មោះសែម សុខប៉េង ហៅឡេង ហៅអ៊ូក បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីគាត់ ដែលទើបនឹងមានអាយុ១៥ឆ្នាំ រហូតដល់បានសម្រេចចំនួន៤លើក និងថែមទាំងសំឡុតគំរាម មិនឱ្យកូនស្រីរបស់គាត់ និយាយប្រាប់អ្នកណាទៀតផង។
ម្តាយរបស់ក្មេងស្រីរងគ្រោះបន្តថា តាមអ្វីដែលកូនស្រីរបស់គាត់ចាំបាន ជនសង្ស័យបានចាប់នាងរំលោភលើកទី១ នៅវេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចព្រៃខាងកើតភូមិ ពេលដែលកូនស្រីរបស់គាត់ទៅឃ្វាលគោ។ លើកទី២ នៅថ្ងៃបន្ទាប់ វេលាម៉ោង១២ថ្ងៃត្រង់ នៅកន្លែងដដែល គ្រាដែលកូនស្រីគាត់ទៅឃ្វាលគោ។ លើកទី៣ រំលងបាន៣ថ្ងៃ នៅវេលាម៉ោង២រសៀល នៅលើផ្ទះរបស់ជនសង្ស័យ។ និងលើកទី៤ រំលងបានប្រហែល៣ថ្ងៃក្រោយមក នៅវេលាម៉ោងប្រហែល៣រសៀល នៅក្រោមដើមត្របែកក្បែរផ្ទះជនសង្ស័យ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួ់នជនសង្ស័យ នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់ចាប់រំលោភក្មេងស្រីរងគ្រោះមែន ប៉ុន្តែរំលោភបានតែ៣ដងប៉ុណ្ណោះ មិនមែន៤ដងដូចអ្វីដែលក្មេងស្រីរងគ្រោះចោទប្រកាន់នោះទេ ដោយក្នុងនោះ លើកទី១ ម៉ោង៣រសៀល នៅរណ្តៅខាងកើតភូមិ លើកទី២ ម៉ោង១២ថ្ងៃត្រង់ នៅក្រោមផ្ទះរបស់ខ្លួន និងលើកទី៣ម៉ោង៩ព្រឹកនៅលើផ្ទះខ្លួន។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាទើបនឹងចេញពីពន្ធនាគារខេត្តកណ្តាល ទាក់ទងករណីគ្រឿងញៀន ដោយជាប់ចំនួន១០ខែ លុះទើបនឹងចេញពីពន្ធនាគារមកវិញ ក៏ប្រព្រឹត្តបទល្មើសរំលោភក្មេងស្រីទៀត។