ខេត្តមណ្ឌលគីរី ៖ ស្ត្រីវ័យចំណាស់បាននាំគ្នាក្រុមគ្រួសារទៅលេងដីចំការ រួចក៏នាំគ្នាធ្វើពលកម្មជម្រះស្មៅក្នុងចំការ លុះក្រោយពីជម្រះស្មៅហត់នឿយ អស់កម្លាំង ក៏ទៅអង្គុយសម្រាក និងហូបទឹកដូងជុំគ្នាជាមួយប្តីនិងកូន ស្រាប់តែអកុសល ក៏កើតអាការៈឈ្លក់ស្ទះបំពង់ខ្យល់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័ម បើទោះជាក្រុមគ្រួសារ ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យដែរ តែហួសពេលទៅហើយ។
ហេតុការណ៍ស្ត្រីពិសាទឹកដូងឈ្លក់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចចំការរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។
ស្ត្រីរងគ្រោះ ដែលបាត់បង់ជីវិតដោយសារតែពិសាទឹកដូងនេះ មានឈ្មោះដឺ សុភឿន អាយុ៥៩ឆ្នាំ ត្រូវជាភរិយារបស់លោកណយ ស្រូន។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងក្រុមគ្រួសារ បាននាំគ្នាទៅលេងចំការរបស់ខ្លួន លុះទៅដល់ឃើញស្មៅចំការដុះច្រើន ណាមួយចង់បញ្ចោញពលកម្មផង ក៏នាំគ្នាទៅជម្រះស្មៅ រហូតដល់ក្រោយមក បន្ទាប់ពីជម្រះស្មៅនឿយហត់ អស់កម្លាំង ស្ត្រីរងគ្រោះក៏ដើរមករកកន្លែងសម្រាក រួចក៏ហូបទឹកដូងជុំគ្នាជាមួយប្តី និងកូនចៅ ស្រាប់តែអកុសល គ្រាន់តែហូបទឹកដូងចូលភ្លាម ក៏ឈ្លក់ទឹកដូងស្ទះបំពង់ខ្យល់ បណ្តាលឱ្យត្រដរខ្យល់។ ភ្លាមនោះ ប្តីនិងកូនៗបាននាំគ្នាជួយសង្គ្រោះបឋម រួចក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យបង្អែកខេត្តភ្លាមៗដែរ ដើម្បីសង្គ្រោះ តែអកុសលពេលបញ្ជូនទៅដល់គ្រូពេទ្យពិនិត្យរួច បញ្ជាក់ថា ស្ត្រីរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕