Wednesday, January 22, 2025
Homeសង្គម និងជីវិតជូនប្រពន្ធទៅហែបក្ស រថយន្តបុកប្តីស្លាប់

ជូនប្រពន្ធទៅហែបក្ស រថយន្តបុកប្តីស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានជិះម៉ូតូ បំណងទៅទទួលប្រពន្ធ ចូលរួមដង្ហែបក្ស នៅថ្ងៃចុងក្រោយ ស្រាប់តែអកុសល ត្រូវរថយន្ត បុកយ៉ាងពេញទំហឹង បណ្តាលឱ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាង ជើងផ្សារត្រី ចំងាយប្រហែល១០០ម៉ែត្រ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះហេង អាយុ២០ឆ្នាំ រស់នៅផ្ទះជួលមួយកន្លែង ម្តុំខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D-3489។ ចំណែករថយន្តបង្ក អត់ស្គាល់ម៉ាក គ្រាន់តែដឹងថា ពណ៌ស ពាក់ស្លាកលេខ 1541 ក្រោយកើតហេតុ បានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក ពណ៌ស បើកក្នុងល្បឿនយ៉ាងលឿន បោះពួយ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវបំបែកជាបួន អ្នកបើករថយន្តមិនព្រមបង្អង់ល្បឿនឡើយ ស្របពេលនោះ ជនរងគ្រោះក៏ជិះម៉ូតូមកដល់ចំណុចកើតហេតុដែរ ក៏ស្រាប់តែត្រូវរថយន្តបង្កជ្រូលទៅបុកយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះដួលបោកក្បាល ផ្កាប់មុខស្លាប់ក្នុងថ្លុកឈាម គួរឱ្យរន្ធត់បំផុត។

ក្រោយកើតហេតុ គេឃើញស្ត្រីជាប្រពន្ធជនរងគ្រោះ បានមកដល់ឃើញប្តីដេកផ្កាប់មុខស្លាប់ក្នុងថ្លុកឈាម ក៏ស្រែកទ្រហោយំគួរឱ្យសង្វេគ និងបានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់នាងបានជិះម៉ូតូបំណងទៅទទួលនាង ដើម្បីទៅចូលរួមដង្ហែបក្សនៅព្រឹកថ្ងៃទី២៧នេះទាំងអស់គ្នា តែអកុសល មកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តង។

RELATED ARTICLES