Wednesday, March 19, 2025
Homeសង្គម និងជីវិតដេកឱបប្រពន្ធ១យប់ ព្រឹកឡើងស្លាប់រឹងស្តូក

ដេកឱបប្រពន្ធ១យប់ ព្រឹកឡើងស្លាប់រឹងស្តូក

ខេត្តកណ្តាល ៖ បុរសម្នាក់បានចេញទៅផឹកស៊ីជាមួយមិត្តភក្តិ តាំងពីក្បាលព្រលប់រហូតដល់យប់ជ្រៅ ស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់មកផ្ទះវិញ រួចក៏បើកមុងចូលដេកឱបប្រពន្ធ១យប់ទល់ភ្លឺ លុះព្រឹកឡើង ប្រពន្ធភ្ញាក់ពីដំណេក ដាស់ប្តីឱ្យក្រោកទៅធ្វើការងារ ស្រាប់តែប្រទះឃើញ ប្តីដេកស្លាប់រឹងស្តូកបាត់ទៅហើយ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល។
បុរសរងគ្រោះ ដែលផឹកស្រវឹង រួចដេកស្លាប់ក្បែរប្រពន្ធនេះ មានឈ្មោះចក់ ពុទ្ធារ៉ា អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធ ឈ្មោះស៊ូ ណាត អាយុ៣៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ និងមានកូនប្រុសស្រី២នាក់រស់នៅក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅម៉ោងប្រមាណ៧ និង២០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីត្រឡប់មកពីទទួលនាងចេញពីធ្វើការរោងចក្រវិញ ដល់ផ្ទះក៏មានមិត្តភក្តិម្នាក់ បានទូរស័ព្ទមកហៅប្តីនាងទៅផឹកស្រាជាមួយគ្នា ហើយប្តីរបស់នាង ក៏បានចេញទៅបាត់ទៅ។ រហូតដល់ម៉ោងប្រហែល១១និង១៥នាទីយប់ ថ្ងៃដដែលទើបប្តីរបស់នាង ត្រឡប់ចូលផ្ទះវិញ រួចក៏បើកមុងចូលមកដេកនៅលើគ្រែជាមួយនាងតាមធម្មតា ហើយនាងក៏មិនបានចាប់អារម្មណ៍ថាប្តីស្លាប់នោះឡើយ ព្រោះនាងបានដេកលង់លក់ដោយមិនដឹងខ្លួនដែរ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា រហូតមកដល់វេលាម៉ោង៥និង១០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នាងក៏បានភ្ញាក់ពីដំណេក ហើយបានដាស់ប្តីឱ្យក្រោកទៅធ្វើការដូចសព្វដង ប៉ុន្តែប្តីអត់ភ្ញាក់សោះ ពោលគឺហាក់ខុសប្លែកពីរាល់ថ្ងៃ។ ភ្លាមនោះ នាងក៏បានទៅចាប់អង្រួនប្តី ស្រាប់តែប្រទះឃើញប្តីដេកស្លាប់រឹងស្តូកបាត់ទៅហើយ មិនដឹងថាប្តីដាច់ខ្យល់ស្លាប់ស្លាប់តាំងពីថ្មើរណា។ ប៉ុន្តែដោយសារតែនាងមិនអស់ចិត្ត ទើបនាងបានព្យាយាមធ្វើចលនាបេះដូង សង្គ្រោះបឋមឱ្យប្តី ប៉ុន្តែប្តីនៅតែមិនដឹងខ្លួនដដែល ទើបអស់ចិត្តថាប្តីស្លាប់ ក៏ស្រែកហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង៕

RELATED ARTICLES