Wednesday, March 19, 2025
Homeព័ត៌មានជាតិប៉ូលិសចាប់បឺតមាត់វាស់ជាតិអាល់កុល ផ្អើលដល់មន្ត្រីក្រសួងព័ត៌មាន

ប៉ូលិសចាប់បឺតមាត់វាស់ជាតិអាល់កុល ផ្អើលដល់មន្ត្រីក្រសួងព័ត៌មាន

ភ្នំពេញ ៖ រូបថតចំនួន២សន្លឹកដែលបង្ហាញពីសកម្មភាពបុរសជាមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ចាប់បឺតមាត់បុរសម្នាក់ទៀត និងត្រូវបានគេលើកឡើងតាមបែបលេងសើចថា “វិធីវាស់ជាតិអាល់កុលសម័យថ្មី” នោះ បាននិងកំពុងបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហើយសូម្បីតែរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏មានការភ្ញាក់ផ្អើលចំពោះករណីនេះផងដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះ រូបថតបុរស២នាក់ថើបបឺតមាត់គ្នាយ៉ាងស្អិតល្មួត ចំនួន២សន្លឹក ត្រូវបានគេចែកចាយតៗគ្នា ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។ ដោយក្នុងនោះ គេឃើញបុរសទាំង២នាក់ដែលមានវ័យប្រមាណ៤០ឆ្នាំប្លាយដូចគ្នា ម្នាក់ស្លៀកសម្លៀកបំពាក់ស៊ីវិល ខោពណ៌ស អាវយឺតកីឡាពណ៌ស ឆ្នូតខ្មៅលាយផ្ទៃមេឃ ចំណែកដៃគូម្នាក់ទៀត គ្រងឯកសណ្ឋានជាមន្ត្រីនគរបាលចរាចរណ៍ ពាក់ស័ក្តិ២ បានចាប់បឺតមាត់គ្នា យ៉ាងស្និទ្ធស្នាលបំផុត ប្រៀបបានគូស្នេហ៍ប្រុសស្រី ដែលកំពុងឆេះឆួលដោយភ្លើងតណ្ហាដូច្នោះដែរ។ ដោយឡែកនៅលើបង់អង្គុយលេង ដែល បុរសទាំងពីរចាប់បឺតមាត់គ្នាគួរឱ្យព្រឺរោមនេះ គេឃើញមានកំប៉ុងស្រាបៀរជាច្រើនកំប៉ុង មានទាំងគាស់ហើយ និងមិនទាន់គាស់ទៀតផង។

បន្ទាប់ពីបានប្រទះឃើញរូបភាពខាងលើនេះ គេឃើញហ្វេសប៊ុកផ្ទាល់ខ្លួនរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានបង្ហោះរូបថតនេះចំនួន១សន្លឹក រួចចោទជាសំណួរយ៉ាងខ្លីថា “វាស់ជាតិអាល់កុល?…”។

យ៉ាងណា ជុំវិញរូបភាពចំនួន២សន្លឹកខាងលើនេះ មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានលើកឡើង ក្នុងន័យលេងសើចថា “នេះគឺជាវិធីវាស់ជាតិអាល់កុលតាមបែបទំនើបរបស់មន្ត្រីប៉ូលិសចរាចរណ៍ ហេតុនេះបងប្អូនដែលចូលចិត្តពិសាគ្រឿងស្រវឹង ហើយបើកបរយានយន្ត ត្រូវសម្អាតមាត់ទុកឱ្យហើយ ព្រោះខ្លាចប៉ះចំប៉ូលិសចរាចរណ៍ចាប់វាស់ជាតិអាល់កុល ដូចប៉ូលិសខាងលើ។

ចំណែកអ្នកខ្លះបានលើកឡើងថា នេះជាឥទ្ធិពលទឹកប្តូរនិស្ស័យ ពេលចូលខ្លួនកាលណា ព្រិលភ្នែកអស់ មើលឃើញអ្នកអង្គុយក្បែរ ច្រឡំថាជាស្រីស្អាត ទើបចាប់វាស់ជាតិអាល់កុលសាកមើលទៅ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនម្ចាស់រូបភាពខាងលើបាននៅឡើយ ថាតើសកម្មភាពនេះ គ្រាន់តែជាការលេងសើច ឬជាអ្វី?

RELATED ARTICLES