ខេត្តកំពង់ចាម ៖ ប្តីប្រពន្ធ២នាក់ រួមរស់នឹងគ្នាអស់រយៈពេលជាង២ឆ្នាំ ដោយមិនបានរៀបការអ្វីទាំងអស់ និងឧស្សាហ៍ជួបរឿងរកាំរកូសជាញឹកញាប់ព្រោះភ្លើងប្រចណ្ឌ លុះចុងក្រោយផ្ទុះជាអំពើហិង្សា ដោយភាគីស្ត្រីជាប្រពន្ធទប់កំហឹងមិនជាប់ ក៏ទាញកាំបិតប៉័ងតោ គប់បុរសជាប្តី បណ្តាលឱ្យដាច់សរសៃកែងជើងរងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាដោយផ្តើមចេញពីភ្លើងប្រចណ្ឌនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិប៉ាណា ឃុំសូទឹឹបឹ ស្រុកជើងព្រៃ។ លុះដល់ព្រឹកថ្ងៃទី២៨ ខែកក្ថដា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនស្ត្រីជាប្រពន្ធយកមកសាកសួរ និងចាត់ការតាមច្បាប់ តាមបណ្តឹងរបស់ស្ត្រីជាម្តាយក្មេក។
ស្ត្រីសង្ស័យដែលគប់ប្តី១កាំបិតដាច់សរសៃកែងជើង និងត្រូវម្តាយក្មេកប្តឹងប៉ូលិសចាប់នោះ មានឈ្មោះណុយ សុផៃលីន អាយុ៣៤ឆ្នាំ មុខរបរជាអ្នកដើររាប់លុយ មានស្រុកកំណើតនៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកបុរសរងគ្រោះជាប្តី មានឈ្មោះចាន វុទ្ធី ហៅខួច អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្តីប្រពន្ធអ្នកទាំង២ សព្វថ្ងៃស្នាក់នៅផ្ទះជួល ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានទទួលបណ្តឹងពីស្ត្រីឈ្មោះទត ម៉ាលី អាយុ៥០ឆ្មាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះជាប្តី បានដាក់ពាក្យបណ្តឹងឈ្មោះណុយ សុផៃលីន (ជាកូនប្រសា) ថាបានប្រើកាំបិតប៉័ង័តោ គប់ទៅលើឈ្មោះចាន វុទ្ធី ហៅ ខួច (ជាកូនបង្កើត) បណ្តាលឱ្យដាច់សរសៃកែងជើងខាងឆ្វេង កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។
តាមការអះអាងរបស់ស្ត្រីជាម្តាយជនរងគ្រោះ បានឱ្យដឹងថា រវាងស្ត្រីសង្ស័យ និងកូនប្រុសរបស់គាត់ បានស្រលាញ់គ្នា និងរួមរស់នឹងគ្នាដូចប្តីប្រពន្ធអស់រយៈពេលជាង២ឆ្នាំមកហើយ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់។ ប៉ុន្តែនៅអំឡុងពេលដែលពួកគេរួមរស់នឹងគ្នានេះ ហាក់មានរឿងរកាំរកូសច្រើនខ្លាំងណាស់ ដោយសារតែភ្លើងប្រចណ្ឌ។ លុះមកដល់វេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ប្តីប្រពន្ធអ្នកទាំងពីរ ក៏កើតមានជំលោះនឹងគ្នា ព្រោះរឿងប្រចណ្ឌសារជាថ្មី ដោយមានការវាយប្រតាយប្រតប់គ្នាធ្វើឱ្យស្ត្រីជាប្រពន្ធដួល ស្រាប់តែភ្លាមនោះ ស្ត្រីជាប្រពន្ធផ្ទុះកំហឹង ក៏ស្ទុះទៅទាញកាំបិតប៉័ងតោ គប់សំដៅបុរសជាប្តី បណ្តាលឱ្យចំកែងជើងរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញតែម្តង។ លុះស្អែកឡើង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ គាត់ជាម្តាយក្មេក ក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ក្រោយទទួលបណ្តឹង សមត្ថកិច្ចបានចុះឃាត់ខ្លួនស្ត្រីសង្ស័យជាប្រពន្ធ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីសួរនាំ និងរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕