Wednesday, August 27, 2025
Homeសង្គម និងជីវិតប្រពន្ធយកប្តីថ្មី ប្តីចាស់ឈឺចិត្តចងកសម្លាប់ខ្លួន

ប្រពន្ធយកប្តីថ្មី ប្តីចាស់ឈឺចិត្តចងកសម្លាប់ខ្លួន

ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធ២នាក់ ដោយសារតែរស់នៅមិនសូវចុះសម្រុងនឹងគ្នា ចេះតែកើតរឿងរកាំរកូស ឈ្លោះប្រកែកគ្នាមិនឈប់ ក៏សម្រេចចិត្តលែងលះគ្នាមួយរយៈមកហើយ លុះក្រោយមក បុរសជាអតីតប្តី បានទទួលដំណឹងថាប្រពន្ធរបស់ខ្លួនទើបនឹងមានប្តីថ្មី ក៏ស្រាប់តែឈឺចិត្តស្អិតទ្រូងខ្លាំងពេក រត់ទៅចងកសម្លាប់ខ្លួន។

ករណីបុរសខូចចិត្តអតីតប្រពន្ធយកប្តីថ្មី បែរជាសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិកោះគ្រាប់បាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះទូច រស់ អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិបុរសរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះកន្លងមកធ្លាប់មានប្រពន្ធដែរ តែការរស់នៅដូចជាមិនស៊ីខ្សែគ្នាសោះ ឈ្លោះព្រឹកឈ្លោះល្ងាច រកសុភមង្គលក្នុងគ្រួសារមិនឃើញ រហូតដល់ភាគីប្រពន្ធទ្រាំលែងបាន ក៏ទាមទារលែងលះគ្នាមួយរយៈមកហើយ។

ប្រភពដដែលបន្តថា តាំងពីលែងលះប្រពន្ធមក ជនរងគ្រោះហាក់ខូចចិត្តដើរផឹកស្រាស្រវឹងសឹងរាល់ថ្ងៃ ដោយមិនសូវគិតខ្វល់ដល់ការងាររកស៊ីអ្វីទាំងអស់។ លុះប៉ុន្មានថ្ងៃមុននេះ ជនរងគ្រោះ បានទទួលដំណឹងមកថា អតីតប្រពន្ធរបស់ខ្លួន បានយកប្តីថ្មីម្នាក់ទៀតហើយ ជាហេតុធ្វើឱ្យជនរងគ្រោះកាន់តែឈឺចិត្តទ្វេដង ផឹកស្រាស្រវឹងអួទីនួរាល់ថ្ងៃ រហូតដល់ទីបំផុត វិបត្តិផ្លូវចិត្តរុំរឹតដោះស្រាយមិនចេញ ក៏សម្រេចចិត្តគិតខ្លី ចងកបញ្ចប់ជីវិតតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុ ដោយសារតែជនរងគ្រោះខូចចិត្តនឹងរឿងប្រពន្ធយកប្តីថ្មី៕

RELATED ARTICLES