Wednesday, August 27, 2025
Homeសង្គម និងជីវិតជនជាតិវៀតណាម តូចចិត្តជាប់គុកយូរឆ្នាំពេក ចងកសម្លាប់ខ្លួន

ជនជាតិវៀតណាម តូចចិត្តជាប់គុកយូរឆ្នាំពេក ចងកសម្លាប់ខ្លួន

ខេត្តរតនគិរី ៖ ទណ្ឌិតម្នាក់ បានជាប់ពន្ធនាគារពីបទជួញដូរគ្រឿងញៀន ក្នុងចំនួនដ៏ច្រើន រហូតត្រូវបានតុលាការសម្រេចវិនិច្ឆ័យទោស ឱ្យជាប់ពន្ធនាគារដល់ទៅ៣០ឆ្នាំ លុះជាប់គុកយូរពេក ធ្វើឱ្យទណ្ឌិតរូបនេះធុញថប់ទ្រាំលែងបាន ក៏សម្រេចចិត្តចងកបញ្ចប់ជីវិតនៅក្នុងគុក បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ពន្ធនាគារខេត្តរតនគិរី ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង។

ទណ្ឌិតគំនិតខ្លី ដែលសម្រេចចិត្តចងកធ្វើអត្តឃាត មានឈ្មោះចូវ វាងដាំង ភេទប្រុស អាយុ៦១ឆ្នាំ ជាជនជាតិវៀតណាម ជាប់ចោទពីបទជួញដូរគ្រឿងញៀន” ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនកាលពីឆ្នាំ២០១២ ហើយត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល៣០ឆ្នាំ។

តាមប្រភពពីមន្ត្រីអនុរក្សពន្ធនាគារខេត្តរតនគិរី បានឱ្យដឹងថា ទណ្ឌិតរូបនេះ បានជាប់ពន្ធនាគារនៅព្រៃស ឯរាជធានីភ្នំពេញ តាំងពីឆ្នាំ២០១២មកម៉្លេះ លុះមកដល់ឆ្នាំ២០១៦ ទណ្ឌិតខាងលើ ក៏បានស្នើសុំផ្ទេរមកពន្ធនាគាខេត្តរតនគិរីវិញ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែអនុរក្សពន្ធនាគារ បានប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញពន្ធនាគារ និងរាយការណ៍ សុំ អន្តរាគមន៍ពីសមត្ថកិច្ចជំនាញ ចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ទណ្ឌិតខាងលើ ពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែនីឡុង ប្រវែងជាង២ម៉ែត្រ ចងកជាមួយធ្នឹមឈើក្នុងបន្ទប់ទឹក កម្ពស់ប្រហែល២ម៉ែត្រ បណ្តាលឱ្យ ស្លាប់៕

RELATED ARTICLES