Wednesday, August 27, 2025
Homeសង្គម និងជីវិតប្រពន្ធឈឺពោះឆ្លងទន្លេ ប្តីដឹកទៅពេទ្យមិនទាន់ កើតលើរុឺម៉ក

ប្រពន្ធឈឺពោះឆ្លងទន្លេ ប្តីដឹកទៅពេទ្យមិនទាន់ កើតលើរុឺម៉ក

ខេត្តស្ទឹងត្រែង ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានឈឺពោះសម្រាល ក៏ត្រូវបុរសជាប្តីប្រញាប់ដឹកបញ្ជូនតាមរ៉ឺម៉ក ឆ្ពោះទៅមន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាល ដឹងអី ធ្វើដំណើរបានត្រឹមពាក់កណ្តាលផ្លូវ ស្ត្រីជាប្រពន្ធក៏បានសម្រាលកូននៅលើរ៉ឺម៉កតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចទល់មុខវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងក្រុងស្ទឹងត្រែង។

ស្ត្រីដែលសម្រាលកូនលើរ៉ឺម៉ក នៅតាមផ្លូវនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណ ជាង២០ឆ្នាំប៉ុណ្ណោះ។

តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ទាំងអារម្មណ៍ភ័យស្លន់ស្លោថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់ បានចាប់ផ្តើម ឈឺពោះសម្រាលកូន ទើបគាត់ប្រញាប់ដឹកប្រពន្ធតាមរ៉ឺម៉កម៉ូតូ សំដៅទៅមន្ទីរពេទ្យ ដើម្បីរកគ្រូពេទ្យឱ្យជួយសម្រាល ស្រាប់តែពេលធ្វើដំណើរ មកដល់ចំណុចមុខវិទ្យាល័យព្រះរាជបូជនីយកិច្ច ទីតាំងកើតហេតុខាងលើ ក៏ស្រាប់តែប្រពន្ធរបស់គាត់ ស្រែកប្រាប់ឱ្យគាត់ឈប់ម៉ូតូ ព្រោះនាងឈឺពោះខ្លាំងណាស់ទ្រាំលែងបានហើយ កើតហើយ ភ្លាមនោះ គាត់ក៏អែបរ៉ឺម៉កម៉ូតូទៅកៀនផ្លូវ រួចស្រែកឆោឡោ ហៅប្រជាពលរដ្ឋឱ្យជួយ ហើយភ្លាម នោះក៏មានប្រជាពលរដ្ឋស្រីៗប៉ុន្មាននាក់ បានមកជួយបង្កើតកូនឱ្យប្រពន្ធរបស់គាត់ នៅលើរ៉ឺម៉កតែម្តង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូសណ្តោងរទេះដឹកប្រពន្ធឈឺពោះសម្រាលមកឈប់នៅកន្លែងកើតហេតុ និងមានអាការៈស្លន់ស្លោយ៉ាងខ្លាំង ទើបប្រជាពលរដ្ឋក្បែរនោះ បាននាំគ្នាទៅមើលទើបដឹងថា ស្ត្រីជាប្រពន្ធកំពុងឈឺពោះជិតសម្រាលកូនហើយ ទើបនាំគ្នាជួយបង្កើតរហូតបានសុវត្ថិភាពទាំងម្តាយទាំងកូនតែម្តង។

ក្រោយពីសម្រាលកូនលើរ៉ឺម៉កនៅតាមផ្លូវហើយ ទាំងម្តាយ និងកូន ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះជីវិតបន្ត៕

RELATED ARTICLES