Wednesday, August 27, 2025
Homeសង្គម និងជីវិតចោទមិត្តភក្តិលួចលុយ លើកគ្នាមកកាប់ដល់ក្នុងមុង

ចោទមិត្តភក្តិលួចលុយ លើកគ្នាមកកាប់ដល់ក្នុងមុង

ភ្នំពេញ ៖ បុរស២នាក់បានចោទប្រកាន់បុរស២នាក់ទៀតដែលត្រូវជាមិត្តភក្តិរបស់ខ្លួន ថាបានបន្លំលួចលុយអស់ចំនួន២៥០០០រៀល ទើបធ្វើឱ្យពួកគេកើតទុក្ខមិនសុខចិត្តក៏ទាញរណារ២ដើម ជិះកង់ឌុបគ្នាពីផ្សារដើមថ្កូវទៅកាប់ជនរងគ្រោះដែលកំពុងដេកក្នុងមុងនៅខាងមុខរបងមន្ទីរពេទ្យរុស្ស៊ី បង្កឱ្យការភ្ញាក់ផ្អើលឡើង កាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខរបងមន្ទីរពេទ្យរុស្ស៊ី ចំហៀងខាងជើង ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ជនសង្ស័យទាំង២នាក់ រួមមាន ទី១-ឈ្មោះសុខ ជា អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ និងទី២-ឈ្មោះហូ សុខជា អាយុ៣៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបររើសអេតចាយ ទាំង២នាក់ស្នាក់នៅម្តុំរង្វង់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ម្នាក់ឈ្មោះឆាយ រតនា អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ និងទី២-ឈ្មោះហៀង សំភ័ស អាយុ៣៧ឆ្នាំ មុខរបររើសអេតចាយដូចគ្នា ទាំង២នាក់នេះស្នាក់នៅមុខរបងមន្ទីរពេទ្យរុស្ស៊ី ក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីភាគីជនសង្ស័យ បានលើកឡើងថា នៅមុនពេលកើតហេតុ ពួកគេបានបាត់លុយចំនួន២៥០០០រៀល និងសង្ស័យថា ជនរងគ្រោះទាំង២នាក់ខាងលើ ជាអ្នកលួច ព្រោះកាលពីល្ងាច ពួកគេបានជួបគ្នា និងនៅជាមួយគ្នា លុះដល់បាត់ជនរងគ្រោះទាំង២នាក់នោះ ស្រាប់តែបាត់លុយខ្លួនអស់២៥០០០រៀលដែរ ក៏កើតចិត្តខឹងថាជាសម្លាញ់នឹងគ្នាសោះហ៊ានលួចគ្នា ហើយក៏បបួលមិត្តភក្តិម្នាក់ទៀតជិះកង់ឌុបគ្នាតាំងពីរង្វង់មូលផ្សារដើមថ្កូវ ប្រដាប់ដោយរណារ២ដើម ដើម្បីយកទៅកាប់ជនរងគ្រោះដល់មុខពេទ្យរុស្ស៊ីតែម្តង។

ដោយឡែកជនរងគ្រោះបានបញ្ជាក់ប្រាប់ថា លុយដែលជនសង្ស័យខាងលើបាត់នោះ ពួកខ្លួនមិនបានលួចទេ ហើយពួកខ្លួនមិនដឹងថា ជនសង្ស័យមានលុយមែន ឬក៏ចេះតែចោទប្រកាន់ពួកខ្លួននោះទេ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែល ពួកគេទាំង២នាក់ កំពុងដេកនៅក្នុងមុង មុខរបងពេទ្យរុស្ស៊ី ស្រាប់តែជនសង្ស័យបានមកដល់ទាញរណារកាប់មកលើពួកគេពីលើមុង បណ្តាលឱ្យចំជនរងគ្រាះឈ្មោះ ឆាយ រតនា ត្រូវដៃ និងជើងរងរបួសស្រាល ភ្លាមៗនោះពួកគេបានស្រវ៉េស្រវ៉ាយកភួយ និងមុងមករុំដៃដែលរងរបួសនឹងផ្លែរណាររបស់ជនសង្ស័យ ពេលនោះស្រាប់តែកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកល្បាតក្នុងមូលដ្ឋានប្រទះឃើញ ក៏ជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗយកទៅ សួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្តង៕

RELATED ARTICLES