Wednesday, August 27, 2025
Homeសង្គម និងជីវិតបង្ខំប្តីផ្តិតមេដៃលែងលះមិនបាន ប្រពន្ធជិះម៉ូតូតាមជេរ

បង្ខំប្តីផ្តិតមេដៃលែងលះមិនបាន ប្រពន្ធជិះម៉ូតូតាមជេរ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ដោយសារតែរួមរស់មិនចុះសម្រុងនឹងគ្នា ទើបភាគីប្រពន្ធបានទាមទារលែងលះគ្នា ដោយបានតាមហៅបុរសជាប្តីឱ្យឡើងសាលាសង្កាត់ដើម្បីផ្តិតមេដៃលែងលះឱ្យបានដាច់ស្រេច ប៉ុន្តែភាគីប្តីមិនព្រម ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធខឹង ក៏ជិះម៉ូតូតាមជេរបញ្ចោរប្តី ផ្អើលពេញផ្លូវ រហូតបុរសជាប្តីទ្រាំមិនបាន ឈប់ម៉ូតូទាញច្រវាក់ចាក់ម៉ូតូគំរាមរកវាយ ទើបស្ត្រីជាប្រពន្ធស្ងាត់មាត់ដូចគេចុក។

ហេតុការណ៍ជម្លោះរវាងប្តីប្រពន្ធ រហូតឈានដល់ការជិះម៉ូតូជេរបញ្ចោរប្តីផ្អើលពេញផ្លូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ភាគីបុរសជាប្តី មានឈ្មោះស៊ឹម ប៊ុនសេន អាយុ៣៦ឆ្នាំ មុខរបរជាងដែក។ ចំណែកភាគី ស្ត្រីជាប្រពន្ធឈ្មោះ សេង អៀន អាយុ៤០ឆ្នាំ មុខរបរលក់ដូរ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា កន្លងមក ប្តីប្រពន្ធគាត់រស់នៅមិនសូវស៊ីខ្សែគ្នាសោះ ចេះតែកើតមានរឿងរកាំរកូសមិនអស់ មិនហើយ រហូតដល់គាត់ទ្រាំលែងបាន ក៏សម្រេចចិត្តទាមទារប្តីលែងលះគ្នា ប៉ុន្តែលែងលះគ្នាជិត២ឆ្នាំមកហើយ នៅតែមិនដាច់ស្រេចសោះ។  លុះ ថ្មីៗនេះ គាត់បានតាមហៅប្តីឱ្យឡើងសាលាសង្កាត់ផ្តិតមេដៃលែងលះគ្នាឱ្យដាច់ស្រេចម្តង ព្រោះថាបើកាលណារស់នៅមិនត្រូវគ្នា គួរបែកផ្លូវគ្នាវិញល្អជាង ប៉ុន្តែប្តីមិនព្រមឡើងទៅជួបសោះ ចេះតែព្យាយាមគេចវេះរហូត។

ស្ត្រីជាប្រពន្ធរូបនេះ បន្តថា រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ គាត់ក៏បានប្រទះឃើញប្តីកំពុងជិះម៉ូតូតាមផ្លូវ ទើបគាត់បានជិះម៉ូតូតាម រួចស្រែកជេរ ហៅប្តីឱ្យទៅផ្តិតមេដៃលែងលះគ្នា ស្រាប់តែត្រូវប្តីឈប់ម៉ូតូ ហូតយកច្រវាក់ចាក់ម៉ូតូ មកគំរាមវាយគាត់ជាប្រពន្ធ ទើប គាត់លែងហ៊ានជេរតទៅទៀត។

ដោយឡែកតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាប្តីខាងលើ បានជិះម៉ូតូតែម្នាក់ឯង ស្រាប់តែឃើញស្ត្រីជាប្រពន្ធ ជិះម៉ូតូដេញតាមជេរបញ្ចោរប្តីកប់ៗមាត់ រហូតមកដល់ចំណុចក្រោមស្ពានអាកាសផ្សារដីហុយ បុរសជាប្តីសង្កៀរ ត្រចៀកផង ណាមួយខ្មាសគេផង ទ្រាំលែងបាន ក៏ឈប់ម៉ូតូ ទាញយកច្រវាក់សម្រាប់ចាក់ម៉ូតូ មកគំរាមប្រពន្ធ ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចូលជួយអន្តរាគមន៍ រួចនាំភាគីទាំង២នាក់ប្តីប្រពន្ធទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ៕

RELATED ARTICLES