Wednesday, August 27, 2025
Homeសង្គម និងជីវិតខឹងប្រពន្ធជេរស្តីរឿងវក់ល្បែងពេក ចងកសម្លាប់ខ្លួន

ខឹងប្រពន្ធជេរស្តីរឿងវក់ល្បែងពេក ចងកសម្លាប់ខ្លួន

ខេត្តព្រៃវែង ៖ បុរសជាប្តីម្នាក់មួយថ្ងៃៗមិនដែលខិតខំជួយធ្វើការងាររកស៊ីអ្វីទាំងអស់ ដើរតែលេងល្បែង (បុកប៊ីយែ) ជាប់ជាប្រចាំ លុះ ប្រពន្ធខឹងពេកទ្រាំលែងបាន ក៏ជេរស្តីបន្ទោសប្តី២-៣ម៉ាត់ ស្រាប់តែប្តីអន់ចិត្តមិនហូបបាយទឹក ចូលទៅសម្ងំដេកក្នុងបន្ទប់បាត់ លុះព្រឹកឡើង ក៏ប្រទះឃើញប្តីចងកសម្លាប់ខ្លួន ធ្វើឱ្យកើតមានការផ្អើលឆោឡោយ៉ាងខ្លាំង។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចលើ ផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ។

បុរសគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះនី ប៊ុនថេង អាយុ២៨ឆ្នាំ មានប្រពន្ធឈ្មោះឈឺន ចាន់រដ្ឋ និងមានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង មួយថ្ងៃៗមិនដែលគិតខ្វល់ពីរឿងធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារទេ តែងដើរលេងល្បែង (បុកប៊ីយែ) ជារៀងរាល់ថ្ងៃ។ លុះមកដល់ព្រលប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ពេលប្តីរបស់នាងទើបនឹងត្រឡប់មកពីលេង បុកប៊ីយែវិញ នាងក៏បានស្តីបន្ទោសឱ្យប្តី២-៣ម៉ាត់ ពីរឿងដែលប្តីវក់នឹងល្បែង មិនប្រឹងរកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារ។

ស្ត្រីជាប្រពន្ធរូបនេះបន្តថា នៅពេលដែលនាងស្តីបន្ទោសរួច ប្តីនាងក៏តូចចិត្តតូចថ្លើមមិនព្រមហូបបាយទេ ហើយក៏ចូលទៅដេកក្នុងបន្ទប់តែម្នាក់ឯងទៅ ចំណែកនាងបានទៅដេកជាមួយកូននៅបន្ទប់ផ្សេងគ្នា រួចក៏ដេកលង់លក់រៀងៗខ្លួនអស់ទៅ។ លុះមកដល់វេលាម៉ោង ជាង៧ព្រឹក ឡើងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដោយមិនទាន់ឃើញប្តីភ្ញាក់ពីដំណេក និងចេញពីក្នុងបន្ទប់ទៀត ទើបនាងបានចូលទៅដាស់ប្តី ស្រាប់តែពេលច្រានទ្វារបន្ទប់ចូលទៅ ក៏ប្រទះឃើញប្តីរបស់គាត់ចងកសម្លាប់ខ្លួនក្នុងបន្ទប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង៕

RELATED ARTICLES