ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ ដែលត្រូវគេដឹងថា បម្រើការនៅផ្នែកអន្តរាគមន៍ នៃអគ្គស្នងការនគរបាលជាតិ មិនដឹងជាមួម៉ៅក្តៅចិត្ត រឿងអ្វី ក៏ស្រាប់តែដកកាំភ្លេងិខ្លី បាញ់មេឃចំនួន១០គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង រហូតឈានដល់សមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនយកទៅសាកសួរ។
ករណីបាញ់បោះសេរីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលជាន់ទី៣ (ជាន់ដំបូល) ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសបង្កជាខ្មាន់កាំភ្លើងខាងលើ មានឈ្មោះកែវ សុផល អាយុ៤០ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ពិសេសអគ្គស្នងការនគរបាលជាតិ ស្នាក់នៅផ្ទះជួល ចំណុចកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាមន្ត្រីនគរបាលខាងលើ មិនដឹងជាមួម៉ៅក្តៅចិត្ត រឿងអ្វី ក៏ស្រាប់តែដកកាំភ្លើងបាញ់ឡើងលើចំនួន១០គ្រាប់ (ផ្ទុះ៨ ស្អុយ២) បង្កការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋរស់នៅជិតខាង រាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានភ្លាមៗ៕