ខេត្តបន្ទាយមានជ័យ ៖ ជារឿងដ៏គួរឱ្យរន្ធត់ចិត្ត និងខ្លោចផ្សារជាពន់ពេក សម្រាប់ក្រុមគ្រួសារទុរគតមួយនេះ ប្រឹងចេញធ្វើការសំណង់ ទាំងប្តីប្រពន្ធនិងកូន ដើម្បីទម្លុះទម្លាយភាពទ័លក្រ តែបែរជាមកជួបគ្រោះអកុសល ត្រូវខ្សែភ្លើងឆក់ទាំង២នាក់ប្តីប្រពន្ធ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ដោយបុរសជាប្តីត្រូវគ្រូពេទ្យសម្រេចកាត់ដៃទាំងសងខាងចោល ចំណែកស្ត្រីជាប្រពន្ធ ត្រូវកាត់ដៃទាំងសងខាងហើយ ថែមទាំងកាត់ជើងចោលម្ខាងទៀត ធ្វើឱ្យជីវិតគ្រួសារមួយនេះ កាន់តែវេទនាដុនដាបរកទីបំផុតគ្មាន។
គ្រួសារអភ័ព្វដែលជួបវាសនាដ៏មហាអាក្រក់នេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា គ្រួសារនេះមានសមាជិក៣នាក់ ក្នុងនោះ បុរសប្តីមានវ័យប្រមាណ៥០ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធមានវ័យប្រមាណជាង៤០ឆ្នាំ រីឯកូនស្រីក្រមុំម្នាក់ ជាជនពិការ គពីកំណើត និយាយមិនរួច មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជីវភាពគ្រួសារខាងលើនេះ ទីទ័លក្រខ្លាំងណាស់ ទើបទាំង២នាក់ប្តីប្រពន្ធ រួមនឹងកូនស្រីគម្នាក់ផង បានសម្រេចនាំគ្នា មកធ្វើការសំណង់នៅក្រុងប៉ោយប៉ែត ដើម្បីប្រឹងរកប្រាក់ទាំងអស់គ្នា ជួយជ្រោងគ្រួសារ កុំឱ្យជួបការខ្វះខាតបន្តទៀត។
ដឹងអី ស្រាប់តែជាអកុសល ខណៈដែលប្តីប្រពន្ធជនរងគ្រោះខាងលើ កំពុងបំពេញការងារសុខៗ ក៏ស្រាប់តែបុរសជាប្តីខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវខ្សែភ្លើងឆក់ លុះស្ត្រីជាប្រពន្ធ ឃើញប្តីត្រូវខ្សែភ្លើងឆក់បែបនេះ ក៏ស្ទុះទៅជួយ បណ្តាលឱ្យខ្សែភ្លើងឆក់ទាំង២នាក់ប្តីប្រពន្ធរងរបួសយ៉ាងធ្ងន់ ក្នុងនោះ បុរសជាប្តីរងរបួសធ្ងន់ ត្រង់ដៃទាំងសងខាង ចំណែកស្ត្រីជាប្រពន្ធរងរបួសធ្ងន់ត្រង់ដៃទាំងសងខាងដូចគ្នា និងថែមទាំងរងរបួសធ្ងន់ត្រង់ជើងខាងឆ្វេងម្ខាងទៀតផង។
ប្រភពដដែលបន្តថា អ្វីដែលគួរឱ្យខ្លោចចិត្តបំផុតនោះ គឺក្រោយកើតហេតុ ប្តីប្រពន្ធរងគ្រោះទាំង២នាក់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ដើម្បីសង្គ្រោះជីវិត។ លុះទៅដល់ក្រុមគ្រូពេទ្យជំនាញពិនិត្យរួច បានសម្រេចថា បុរសជាប្តីត្រូវកាត់ដៃទាំង សងខាងចោល ចំណែកស្ត្រីជាប្រពន្ធ ក្រៅពីកាត់ដៃទាំងសងខាងដូចប្តីហើយ ចាំបាច់ត្រូវកាត់ជើងខាងឆ្វេងម្ខាងចោលថែមទៀត៕