ខេត្តត្បូងឃ្មុំ ៖ បុរស២នាក់ បានកើតមានទំនាស់ឈានដល់អំពើហិង្សា កាប់ប្រហារគ្នា ផ្តើមចេញពីភាគីម្ខាងពូកែឌឺដង ផ្លែផ្កាពាក្យសម្តី រហូតដល់ភាគីម្ខាងទៀតទប់កំហឹងមិនជាប់ ក៏ស្ទុះទៅទាញកាំបិត កាប់ប្រហារចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូរាំងឪ។
ជនដៃដល់ ដែលកាប់គូទំនាស់២កាំបិត មានឈ្មោះខុន ឃាន អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មាន ឈ្មោះជុំ ចេន អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសក្បាល១កាំបិត និងភ្លៅ១កាំបិត។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនរងគ្រោះ និងជនដៃដល់ សុទ្ធតែជាអ្នកភូមិផងរបងជាមួយួគ្នា និងធ្លាប់រាប់អាន ផឹកស៊ីជាមួយគ្នាជាញឹកញាប់ ប៉ុន្តែមូលហេតុ ដែលឈានដល់ទំនាស់ពាក្យសម្តី រហូតក្លាយជាអំពើហិង្សានេះ គឺផ្តើមចេញពីការផ្លែផ្កាសម្តី ឌឺដង ដាក់គ្នា។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបោះពាក្យសម្តីឌឺដងដាក់ជនដៃដល់ រហូតដល់ជនដៃដល់ទប់កំហឹងមិនបាន ក៏កើតមានទំនាស់តឹងសរសៃកដាក់គ្នា ហើយភ្លាមនោះ ជនដៃដល់ក៏ស្ទុះទៅទាញកាំបិត កាប់ប្រហារទៅលើជនរងគ្រោះចំនួន២កាំបិត ចំក្បាល១ កាំបិត និងចំភ្លៅ១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង៕