ខេត្តកំពង់ចាម ៖ កូនប្រុសអកតញ្ញូម្នាក់ បានសុំលុយឪពុកម្តាយចំនួន៥០ម៉ឺនរៀល លុះឪពុកម្តាយគ្មានលុយឱ្យ ស្រាប់តែកូនប្រុសចិត្ត កំណាចឃោរឃៅរូបនេះបានទាញព្រនង់ដេញវ៉ៃឪពុក រួចក៏ទាញកាំបិតគំរាមចាក់សម្លាប់ម្តាយចោល ព្រមទាំងបានវាយបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះខ្ទេចអស់គ្មានសល់ រហូតដល់ឪពុកទ្រាំលែងបាន ក៏សម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនកូនប្រុសអកតញ្ញូរូបនេះ យកទៅចាត់ការតាមច្បាប់។
ករណីកូនប្រុសដេញវ៉ៃឪ គំរាមសម្លាប់ម៉ែនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅ ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុស្ទឹងត្រង់។ លុះឪពុកម្តាយដាក់ពាក្យបណ្តឹង សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨។
ជនសង្ស័យដែលគំរាមសម្លាប់ឪពុកម្តាយបង្កើត ព្រោះតែខឹងសុំលុយអត់បាននេះ មានឈ្មោះហ៊ល ឆៃហ៊ីង អាយុ៣២ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីបុរសចំណាស់ឈ្មោះម៉េង ហ៊ល អាយុ៦២ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនសង្ស័យ) ជាមនុស្សគ្មានការងារអ្វីធ្វើនោះទេ មួយថ្ងៃៗ តែងដើរលេងទាត់ខ្យល់អត់ប្រយោជន៍ និងចេះតែលាដៃសុំលុយទៅចាយ មិនដែលចេះរកលុយមកជួយឪពុកម្តាយជរានោះទេ។ មិនតែប៉ុណ្ណោះ នៅពេលដែលទាស់ចិត្តម្តងៗ កូនប្រុសកំណាចរូបនេះ តែងរករឿងអុកឡុក បង្កហិង្សាមកលើពួកគាត់ជាឪពុកម្តាយជាញឹកញាប់ ហើយទោះជាសាច់ញាតិចាស់ទុំណា ក៏ស្តីប្រដៅ អប់រំ កូនប្រុសអកតញ្ញូម្នាក់នេះ មិនបានដែរ។
បុរសជាឪពុករូបនេះបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កូនប្រុសកំណាចរបស់គាត់ ឈ្មោះហ៊ល ឆៃហ៊ីង បានមកសុំលុយពីពួកគាត់ជាឪពុកម្តាយចំនួន៥០ម៉ឺនរៀល ឮបែបនេះ គាត់ក៏សួរនាំថា ត្រូវការលុយអីក៏ច្រើនម៉្លេះ ពេលនេះពួកគាត់គ្មានលុយឱ្យទេ ស្រាប់តែភ្លាមនោះ កូនប្រុសបានផ្ទុះកំហឹង ស្ទុះទៅបោកបំបែកចាកឆ្នាំង ទ្រព្យសម្បត្តិក្នុងផ្ទះបណ្តាលឱ្យបែកបាក់ខូចខាតខ្ទេចអស់ ទើបគាត់បានស្តីបន្ទោសកូនប្រុសនេះ២-៣ម៉ាត់ ស្រាប់តែកូនប្រុសកំណាច មិនត្រឹមតែមិនស្តាប់នោះទេ តែថែមទាំងទាញព្រនង់ដេញវាយគាត់ទៀត ធ្វើឱ្យគាត់ភ័យខ្លួនរត់គេចទាំងព្រលឹងចុងសក់។ បន្ទាប់មក កូនប្រុសនេះ ថែមទាំងបានកាន់កាំបិត បម្រុងចាក់សម្លាប់ម្តាយបង្កើតទៀត ដោយបានស្រែកខ្លាំងៗថា សម្លាប់ឱ្យទាល់តែបាន និងសម្លុតទារប្រាក់ចំនួន៥០ម៉ឺនរៀល ធ្វើឱ្យម្តាយភិតភ័យ ដកប្រាក់ចំនួន៥ម៉ឺនរៀល ទៅឱ្យកូនអកតញូរូបនេះ ទើបក្រោយពីទទួលបានលុយ៥ម៉ឺនរៀលហើយ កូនប្រុសនេះក៏ចាកចេញទៅបាត់ទៅ៕