ភ្នំពេញ ៖ បុរសម្នាក់ បានលួចស្រលាញ់ស្ត្រីម្នាក់ជាយូរមកហើយ ទម្រាំដាច់ចិត្តសារភាពសុំស្នេហ៍ តែបែរជាត្រូវខាងស្រីឆ្លើយបដិសេធ សុំត្រឹមរាប់អានគ្នាជាបងប្អូន ស្រាប់តែខាងប្រុសកើតទុក្ខមិនសុខចិត្ត ផ្ទុះកំហឹង ចាប់អូសដៃខាងស្រីចូលបន្ទប់ វាយដំធ្វើទារុណកម្មយ៉ាងចាស់ដៃ បណ្តាលឱ្យជាំភ្នែក និងជាំសុសពេញខ្លួន រងរបួសធ្ងន់ រួចព្យាយាមរត់គេចខ្លួនបាន៧ថ្ងៃ ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះជាប់។
ករណីអំពើហិង្សា ដែលផ្តើមចេញពីការសុំស្រលាញ់ស្រីមិនបាន បែរជាផ្ទុះកំហឹងវ៉ៃស្រីបណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើងតាំងពីវេលាម៉ោង១០យប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់ជនដៃដល់ លេខ 37Eoz តាមបណ្តោយផ្លូវលេខ១៥៤ ស្ថិតក្នុងភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ លុះក្រោយពីស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹង សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនដៃដល់បាន នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលកើតហេតុខាងលើ។
ជនដៃដល់ដែលសុំស្រលាញ់ស្រីអត់បាន ប្រើអំពើហិង្សាវាយស្រីស្ទើរស្លាប់ស្ទើររស់ មានឈ្មោះអ៊ឹម ស៊ីថា អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅទីតាំងឃាត់ខ្លួនខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះអ៊ុង សុភ័ក្ត្រ អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង ស្នាក់នៅផ្ទះលេខ 35Ez តាមបណ្តោយផ្លូវលេខ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រងរបួសភ្នែកទាំងសងខាង ជាំចង្កេះ និងមួយចំហៀងខាងឆ្វេងធ្ងន់ធ្ងរ។
តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាង និងជនដៃដល់ បានស្គាល់ និងរាប់អានគ្នាជាយូរមកហើយ ដោយនាងមិនបានដឹងខ្លួនសោះថា ជនដៃដល់ មានគំនិតលួចស្រលាញ់នាងបែបនេះសោះ ហើយកន្លងមក នាងធ្លាប់បានសង្កេតឃើញថា ជនដៃដល់ តែងធ្វើ អំពើល្អមកលើនាង និងតែងបារម្ភ យកចិត្តទុកដាក់ចំពោះនាងខ្លាំងណាស់ ប៉ុន្តែចិត្តនាងមិនធ្លាប់គិតដល់សេចក្តីស្នេហាអ្វីនោះទេ គ្រាន់តែចាត់ទុកជនដៃដល់ ប្រៀបដូចជាប្អូនប្រុសរបស់នាងអ៊ីចឹង ព្រោះគេមានអាយុតិចជាងនាង។
ស្ត្រីរងគ្រោះ បន្តថា លុះមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ជនដៃដល់ បាននាំនាងទៅលេងផ្ទះបងស្រីរបស់គេ (ជនដៃដល់) នៅកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ លុះពេលជិះម៉ូតូរ៉ឺម៉កត្រលប់មកផ្ទះវិញ ជនសង្ស័យបានសុំស្រឡាញ់នាងធ្វើជាប្តីប្រពន្ធនឹងគ្នា ប៉ុន្តែពេលនោះនាងក៏បានឆ្លើយបដិសេធថា នាងមិនអាចទទួលយកគេ (ជនដៃដល់) ជាគូស្នេហ៍បានទេ រាប់អានគ្នាត្រឹមជាបងប្អូនបានហើយ ស្រាប់តែភ្លាមនោះ ជនដៃដល់ខឹងក៏បានទះកំផ្លៀងនាង៣ដៃ នឹងបានឱ្យម៉ូតូរ៉ឺម៉កដឹកទៅផ្ទះជួលរបស់គេ។
ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា គ្រាន់តែម៉ូតូរ៉ឺម៉កឈប់ភ្លាម ជនដៃដល់ ក៏បានចាប់អូសដៃនាងចូលទៅក្នុងបន្ទប់របស់គេ (ជនសង្ស័យ) រួចបានធ្វើសកម្មភាពវាយនាងយកៗបណ្តាលឱ្យជាំមុខមាត់ ជាំភ្នែក និងជាំចង្កេះខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីប្រើហិង្សាមកលើនាងឆ្អែតហើយជនដៃដល់ ក៏បានគេចខ្លួនបាត់ស្រមោលតែម្តង។ បន្ទាប់មកនាងក៏បានទូរស័ព្ទហៅបងប្អូនឱ្យមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ រហូតដល់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ខណៈដែលស្ថានភាពរបួសនាងបានធូរស្រាល ចេញពីមន្ទីរពេទ្យវិញ ទើបនាងបានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ តាមប្រមាញ់ចាប់ខ្លួនជនដៃដល់ យកមកចាត់ការតាមច្បាប់តែម្តង៕