ខេត្តកំពត ៖ នារីក្រមុំម្នាក់នេះ ធ្លាប់មានមនុស្សប្រុសចូលស្តីដណ្តឹងដល់ទៅ៤នាក់ ប៉ុន្តែចេះតែប្រកែក មិនព្រមទទួលយក លុះក្រោយមក បានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រយៈពេល៨ខែ ត្រូវថៅកែធ្វើបាបពេក ត្រឡប់មកផ្ទះវិញ ក៏ចាប់ផ្តើមកើតមានបញ្ហាខាងសតិស្មារតី មិនប្រក្រតីី និយាយស្តីមិនសូវដឹងខុសត្រូវ និងចេះតែដើរហើរបាត់ៗពីផ្ទះ រហូតត្រូវប្រុសព្រានល្មោភកាម ល្បួងចាប់រំលោភ ដល់មានផ្ទៃពោះ៦ខែ ទើបបែកធ្លាយដឹងដល់ក្រុមគ្រួសារ ប៉ុន្តែមិនអាចដាក់ពាក្យបណ្តឹង វែកមុខជនសង្ស័យបាននោះទេ ដោយសារតែនារីរងគ្រោះ និយាយមិនដឹងខុសត្រូវ។
នារីក្រមុំសតិមិនប្រក្រតី ដែលត្រូវប្រុសព្រានមិនស្គាល់មុខ ចាប់រំលោភរហូតដល់មានផ្ទៃពោះ៦ខែរូបនេះ មានឈ្មោះអ.ស.ន មានស្រុកកំណើតនៅខេត្តកំពត សព្វថ្ងៃរស់នៅក្នុងបន្ទុកបងស្រីបង្កើត ដែលប្រកបរបរជាអ្នករត់តុ នៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
តាមសម្តីបងស្រីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្អូនស្រីរបស់គាត់ (នារីរងគ្រោះ) តាំងពីតូចមក មានសតិល្អគ្រប់គ្រាន់ទាំងអស់ និងមានរូបសម្បត្តិស្រស់សមរម្យ លុះចូលដល់ពេញវ័យក្រមុំ ក៏មានប្រុសៗចូលស្តីដណ្តឹងដល់ទៅ៤នាក់ ប៉ុន្តែនាងចេះតែប្រកែកមិនទទួល យកទេ។
ក្រោយមក ប្អូនស្រីនេះ ក៏បានចេញទៅធ្វើការជាមួយនឹងមិត្តភក្តិក្នុងភូមិប៉ុន្មាននាក់ទៀត ដល់ប៉ោយប៉ែត បន្ទាប់មកក៏បានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនមួយ។ លុះធ្វើការនៅម៉ាឡេស៊ីបាន៨ខែ ក៏លួចរត់ត្រឡប់មកវិញ ដោយប្រាប់ថា ត្រូវថៅកែធ្វើបាប បង្អត់បាយ វាយដំរហូតដល់នាងទ្រាំធ្វើការតទៅទៀតលែងបាន។
បងស្រីរបស់នារីរងគ្រោះបន្តថា តាំងពីត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ប្អូនស្រីម្នាក់នេះ ក៏ចាប់ផ្តើមកើតមានបញ្ហាខាងសតិស្មារតីតែម្តង ដោយចេះតែអង្គុយសើច យំតែឯង ជេរបញ្ចោរម្តាយកប់ៗមាត់ មិនព្រមងូតទឹក មិនព្រមសិតសក់ និងថែមទាំងបានប្រមូលខោអាវថ្មីៗ យកទៅដុតចោលអស់ ស្លៀកតែខោអាវចាស់ៗ ហើយគិតមកដល់សព្វថ្ងៃប្អូនស្រីនេះ បានកើតមានបញ្ហាសតិអារម្មណ៍ចំនួន៤ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះរាល់យប់ នាងតែងដើរទៅដេកតាមសំយាបផ្ទះគេ ទោះជាគ្រួសារតាមហៅមកវិញ យ៉ាងណាក៏មិនព្រម ជាហេតុធ្វើឱ្យក្រុមក្មេងស្ទាវ ញៀនថ្នាំ មានឱកាសល្អចាប់រំលោភ រហូតដល់មានផ្ទៃពោះ ក៏មិនត្រូវបានក្រុមគ្រួសារចាប់អារម្មណ៍ដែរ រហូតដល់ក្រោយមក ផ្ទៃពោះរបស់នាងចាប់ផ្តើមខ្ទាតធំឡើងៗ និងចេះតែទៅសុំម្ជូរនៅផ្ទះអ្នកជិតខាងហូប ទើបអ្នកជិតខាងបានដឹង មកប្រាប់ក្រុមគ្រួសារថា នាងកំពុងមានផ្ទៃពោះ ហើយ ហើយព្រោះតែរឿងនេះ ទើបម្តាយរបស់គាត់ បានស្លាប់កាលពី១ខែមុន ដោយសារតែអាណិតកូនស្រី ដែលមានសតិមិនល្អផង ត្រូវប្រុសព្រានចាប់រំលោភដល់មានផ្ទៃពោះទៀត៕