ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ បានអះអាងថា នាងត្រូវប្រុសព្រានម្នាក់ លួងលោមសុំស្នេហ៍រហូតដល់ទន់ចិត្តព្រមព្រៀងរួមរស់នឹងគ្នាដល់មានផ្ទៃពោះ ក៏ត្រូវខាងប្រុសប្រាប់ថាឱ្យទុកកូនទៅ ចាំគេទទួលខុសត្រូវ លុះក្រោយពីសម្រាលកូនរួច ខាងប្រុសបែរជាមិនព្រមអើពើអ្វីទាំងអស់ ទើបខាងស្រីដាច់ចិត្តបីកូនតូចតាមរកប្រុសស្នេហ៍ដល់ផ្ទះដល់ទៅ៤លើក តែសាមីខ្លួនខាងប្រុសមិនព្រមចេញមុខដោះស្រាយសោះ លុះខាងស្រីមួម៉ៅក្តៅចិត្តពេកចូលអុកឡុកដល់ក្នុងផ្ទះបំណងអូសកខាងប្រុសចេញមកនិយាយគ្នា ក៏ត្រូវឪពុកម្តាយខាងប្រុស ប្តឹងប៉ូលិសចាប់វាយខ្នោះ បញ្ជូនទៅឃុំខ្លួន៣យប់ ជាហេតុធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្ត សម្រេចដាក់ពាក្យប្តឹងសុំឱ្យសមត្ថកិច្ច និងស្ថាប័នតុលាការ មេត្តាជួយរកយុត្តិធម៌ សម្រាប់មនុស្សស្រីទន់ខ្សោយ។
ស្ត្រីអភ័ព្វខាងលើ មានឈ្មោះសៀង ពិសី អាយុ២៦ឆ្នាំ ជាអតីតបុគ្គលិកក្រុមហ៊ុនឯកជនមួយ សព្វថ្ងៃរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបនឹងសម្រាលកូនស្រីម្នាក់អាយុ៤ខែ។ ចំណែកភាគីខាងប្រុស មានឈ្មោះម៉ុក គីមហាប់ អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន មានតួនាទីជាប្រធានផ្នែកលក់ និងមានលំនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
នាងសៀង ពិសី បានរៀបរាប់ប្រាប់ថា តាមពិតនាងធ្លាប់មានប្តីម្តងរួចមកហើយ និងបានរួមរស់បង្កើតបានកូនស្រីម្នាក់សព្វថ្ងៃអាយុ៤ឆ្នាំ ប៉ុន្តែដោយសារតែការរួមរស់មិនចុះសម្រុងនឹងគ្នា ទើបបុរសជាប្តីបានចុះចេញបាត់ទៅ ប៉ុន្តែមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយ។
ក្រោយមក នាងក៏បានដាក់ពាក្យចូលបម្រីការងារនៅក្នុងក្រុមហ៊ុនឯកជនមួយ និងបានចូលបម្រើការនៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ ពោលគឺចូលធ្វើការតំណាលគ្នាជាមួយនឹងបុរសម្នាក់ឈ្មោះម៉ុក គីមហាប់ ដែលកាលណោះនាងគ្រាន់តែជាបុគ្គលិកផ្នែកលក់ ចំណែកឈ្មោះគីមហាប់ មានតួនាទីជាប្រធានផ្នែកលក់ (មេរបស់នាង)។ យ៉ាងណាក្តី នៅក្នុងប្រវត្តិរូបដែលនាងដាក់ពាក្យចូលធ្វើការ រហូតដល់ចូលបំពេញការងារ គឺនាងមិនបានលាក់បាំងថា ខ្លួនគឺជាក្រមុំអ្វីនោះឡើយ ពោលគឺនាងបានបញ្ជាក់ច្បាស់ប្រាប់គេគ្រប់គ្នាក្នុងក្រុមហ៊ុន ថានាងគឺជាស្ត្រីមេម៉ាយ មានកូនស្រីម្នាក់ទៀតផង។
នាងសៀង ពិសី បានបន្តថា លុះក្រោយមក ទំនាក់ទំនងរវាងនាង និងឈ្មោះគីមហាប់ គឺធម្មតាៗប៉ុណ្ណោះ ដោយនាងបានគោរពគេ ក្នុងនាមជាមេកើយ ចំណែកនាងជាកូនចៅ។ រហូតដល់ក្រោយមកទៀត ខាងប្រុសចេះតែធ្វើល្អមកលើនាង តាមរយៈការផ្តល់តម្លៃឱ្យនាង មិនមើល ងាយនាងជាស្រីមេម៉ាយ ជួយសម្រួលការងាររបស់នាង និងថែមទាំងជួយផ្តល់ពិន្ទុវាយតម្លៃការងារនាង ធ្វើឱ្យនាងក្លាយជាបុគ្គលិកឆ្នើមជាហូរហែទៀតផង។ លុះចប់ម៉ោងការងារ ខាងប្រុសឧស្សាហ៍ទូរស័ព្ទមកសួរសុខទុក្ខ ជជែកលេងជាមួយនាង ដោយប្រើពាក្យសម្តីផ្អែមល្ហែម ធ្វើឱ្យនាងសម្លឹងឃើញថា គេគឺជាមនុស្សប្រុសដ៏ល្អមាន មានទំនួលខុសត្រូវក្នុងការងារ តែក៏មិនទាន់ឈានដល់ទំនាក់ទំនងស្នេហាអ្វីដែរ។
នាងសៀង ពិសី បានឱ្យដឹងថា លុះក្រោយពីរួមការងារជាមួយគ្នាបានជាង១ឆ្នាំ ទើបខាងប្រុសបានសារភាពស្នេហ៍ប្រាប់នាង ចំណែកនាងក៏មិនបានប្រកែកអ្វីដែរ ដោយសារមើលឃើញពីគុណសម្បត្តិរបស់គេរួចស្រេចទៅហើយ។ បន្ទាប់មក នៅថ្ងៃមួយ ខាងប្រុសបានទូរស័ព្ទណាត់នាង មកជួប ប្រាប់ថា មានការងារចង់ពិភាក្សា លុះនាងមកដល់ក៏ត្រូវខាងប្រុសលួងលោមប្រាប់ថា ចង់ទៅជួបជាមួយួឪពុកម្តាយរបស់គេទេ ព្រោះគេចង់បាននាងជាគូអនាគត លុះនាងព្រមទៅជាមួយ ក៏ស្រាប់តែខាងប្រុសដឹកនាងចូលផ្ទះសំណាក់ទៅវិញ ដល់ពេលនាងសួរនាំ ក៏ត្រូវខាងប្រុសប្រើពាក្យសម្តីផ្អែមល្អែមថា គេពិតជាស្រលាញ់នាងខ្លាំងដល់ទ្រាំមិនបាន ហេតុនេះសុំរួមរស់នឹងគ្នាសិន ចាំមានកូនចៅចាំទៅជួបមុខឪពុកម្តាយរបស់ គេក៏មិនទាន់យឺតពេលដែរ ព្រោះឪពុកម្តាយគេមិនមែនជាមនុស្សប្រកាន់ច្រើនឡើយ។ ចំណែកនាងដោយគិតថាខាងប្រុសស្រលាញ់នាងពិតផង ក៏យល់ព្រមរួមរស់នឹងគ្នាក្នុងគ្រានោះទៅ។ ក្រោយមកពួកនាងក៏ឧស្សាហ៍ណាត់គ្នាឡើងផ្ទះសំណាក់ជាញឹកញាប់ រហូតដល់នាងចាប់ផ្តើមមានផ្ទៃពោះ ក៏ត្រូវខាងប្រុសប្រាប់ឱ្យទម្លាក់ចោល ចំណែកនាងក៏មិនហ៊ានប្រកែកដែរ៕
(ព័ត៌មានលម្អិត សូមអាននៅកាសែតនគរធំ)