Tuesday, August 26, 2025
Homeព័ត៌មានជាតិប៉ងសម្លាប់ខ្លួន៥ដងមិនស្លាប់ លើកទី៦ចងក ស្លាប់ដូចបំណង

ប៉ងសម្លាប់ខ្លួន៥ដងមិនស្លាប់ លើកទី៦ចងក ស្លាប់ដូចបំណង

ខេត្តសៀមរាប ៖ បុរសវ័យចំណាស់ម្នាក់ ចូលចិត្តផឹកស្រាជាប់ជាប្រចាំ រហូតដល់គ្រប់គ្រងសតិស្មារតីខ្លួនឯងលែងបាន ក៏ចេះតែប៉ុនប៉ងសម្លាប់ខ្លួនចំនួន៥ដងរួចមកហើយ ប៉ុន្តែមិនបានសម្រេចដូចបំណង ដោយសារតែត្រូវក្រុមគ្រួសារ និងអ្នកជិតខាងប្រទះឃើញជួយសង្គ្រោះទាន់ ពេលរហូត ទីបំផុត ក្រោយពីផឹកស្រវឹងជោកជាំ និងឆ្លៀតពេលអ្នកផ្ទះមិនចាប់អារម្មណ៍ ក៏ដើរទៅចងកសម្លាប់ខ្លួននៅលើដើមឈើខាងក្រោយផ្ទះ រហូតដល់ស្លាប់ដូចបំណង។

ករណីចងកធ្វើអត្តឃាតខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

បុរសគំនិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះអន សេងហុង អាយុ៦៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ ផឹករហូតដល់ក្តៅខួរ ខូចសតិ លែងអាចគ្រប់គ្រងខ្លួនឯងបាន ហើយឱ្យតែស្រវឹងស្រាម្តងៗជនរងគ្រោះចេះតែចង់ស្លាប់ ដោយប៉ុនប៉ងសម្លាប់ខ្លួនតាមវិធីផ្សេងៗចំនួន៥លើករួចមកហើយ ប៉ុន្តែរាល់ដងតែងត្រូវក្រុមគ្រួសារ និងអ្នកភូមិប្រទះឃើញជួយសង្គ្រោះទាន់ពេលរហូត។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះ បានដើរចេញទៅផឹកស្រាតាំងពីក្បាលព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ រួចបាត់ខ្លួន មិនឃើញត្រឡប់មកផ្ទះវិញសោះ ហើយទោះជាក្រុមគ្រួសារនាំគ្នាចេញដើរតាមរកយ៉ាងណាក៏មិនឃើញ។ ស្រាប់តែមកដល់វេលាម៉ោង៩និង៣០នាទីព្រឹក ក៏មានអ្នកភូមិប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅលើដើមឈើខាងក្រោយផ្ទះ ក៏រត់មកប្រាប់ក្រុមគ្រួសារឱ្យបានដឹង នាំគ្នាចុះទៅមើលដល់ទីតាំងកើតហេតុ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង៕

RELATED ARTICLES