ការណាត់ជួបលើកដំបូង គឺជាពេលសំខាន់ណាស់ ដែលអាចកំណត់នូវទំនាក់ទំនងរបស់អ្នកជាមួយនារីណាម្នាក់។ ដួច្នេះ បើមិនចង់ឱ្យការណាត់នោះបរាជ័យ នៅពេលណាត់ជួបនារីដែលអ្នកចង់សេពគប់លើកដំបូង បុរសគួរចៀសវាងធ្វើនូវ៥ចំណុចខាងក្រោម ៖
- ១-ចរិតអួតអាង ៖ ចរិតបែបនេះធ្វើឱ្យនារីជាគូណាត់បាត់បង់ទំនុកចិត្តលើអ្នក ដែលអាចធ្វើឱ្យនាងបញ្ចប់ទំនាក់ទំនងជាមួយអ្នកត្រឹមនេះក៏ថាបាន ព្រោះនារីភាគច្រើនមិនចូលចិត្តបុរសដែលអួតអាងថា ខ្លួនពូកែគ្រប់យ៉ាងនៅពេលទើបតែជួបគ្នាដំបូងនោះទេ។
- ២-និយាយតែឯងមិនក្រែងចិត្តគេ ៖ នារីនឹងសង្កេតថា អ្នកនឹងឈប់និយាយខ្លះ ដើម្បីស្តាប់នូវអ្វីដែលនាងនិយាយឬអត់? អ្នកមានសាកសួរឱ្យនាងឆ្លើយដែរឬទេ? ឬមួយក៏អ្នកតែងតែនិយាយកាត់រាល់លើក នៅពេលដែលនាងរកហើបមាត់និយាយ? ទង្វើបែបនេះអាចសាងនូវភាពធុញទ្រាន់ដល់នារីជាគូណាត់។ ប្រការសំខាន់គឺនៅពេលនោះ អ្នកត្រូវយកចិត្តទុកដាក់ដល់នារីជាដៃគូណាត់របស់អ្នកតែម្នាក់ប៉ុណ្ណោះ ដោយផ្តល់អាទិភាពដល់នាងគ្រប់យ៉ាង សូម្បីតែការនិយាយស្តី។
- ៣-មិនផ្តល់កិត្តិយសដល់នារី ៖ នារីត្រូវការឱ្យបុរសផ្តល់កិត្តិយសដល់នាប្រតិបត្តិចំពោះនាង យ៉ាងស្មើភាពគ្នា មិនប្រមាថមើលងាយ មិនប្រើកាយវិការដៃដល់ទៅលើរាងកាយនាង។ ការទាញកៅអីឱ្យនាងអង្គុយ ឬការជូននាងត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព ទោះបីជារឿងសាមញ្ញ តែតាមការស្រាវជ្រាវរកឃើញថា ទង្វើទាំងនេះជារឿងដែលនារីត្រូវការ។
- ៤-គ្មានគំនិតច្នៃប្រឌិត ៖ បុរសដែលមានគំនិតច្នៃប្រឌិតខ្ពស់ រមែងជាទីពេញចិត្តរបស់នារី មិនថាជាពេលណាត់ជួបលើកដំបូង ដោយរកវិធីធ្វើឱ្យនាងរីករាយសប្បាយចិត្ត និងគួរឱ្យចាប់អារម្មណ៍ គឺជាមន្តស្នេហ៍ទាក់ទាញចិត្តនាងឱ្យលង់មកលើអ្នកភ្លាមៗ គ្រាន់តែការជួបគ្នាគ្រាដំបូងនោះ។
- ៥-សន្យាខ្យល់ ៖ នៅពេលបញ្ចប់ការណាត់លើកដំបូងនោះ អ្នកគួរនិយាយពាក្យលា ដោយបញ្ជាក់ពីអារម្មណ៍ចំពោះការណាត់នោះ មិនគួរធ្វើការសន្យាអ្វីដែលខ្លួនមិនអាចធ្វើបាន (សន្យាខ្យល់) នោះទេ ព្រោះស្រីៗតែងតែចងចាំនូវរឿងរ៉ាវនៃការជួបគ្នាគ្រាដំបូងនោះ ជាពិសេសនូវអ្វីដែលអ្នកបាននិយាយ៕