ភាពខុសគ្នារវាងបុរសនិងស្ត្រី ក្នុងរឿងសិច គឺបុរសអាចរួមភេទបានដោយមិនបាច់ប្រើស្នេហាជាអង្គប្រកប ប៉ុន្តែសម្រាប់ស្ត្រីតែងប្រើស្នេហាជាគ្រឿងនាំផ្លូវក្នុងការឈានទៅរកការរួមភេទ។ ដូច្នេះ ស្ត្រីត្រូវដឹងពីល្បិចបុរស គិតតែពីខ្លួនឯង ដើម្បីការពារខ្លួន មុននឹងទឹកភ្នែកជូតក្បាលជង្គង់។
-បុរសតែងជាភាគីទាក់ទងមក ៖ ពេលដែលភាគីស្ត្រីទាក់ទងទៅបុរសតែងមិនទំនេរជានិច្ច គឺត្រូវមានភារកិច្ចគ្រប់ពេលវេលា។ ប៉ុន្តែពេលណាដែលបុរសចង់រួមភេទវិញ គេគឺជាភាគីទាក់ទងមក ដើម្បីណាត់ទៅជួបគ្នា និងមិនបាច់សង្ស័យឡើយថា ចុងក្រោយនឹងបញ្ចប់ដោយបែបណា។ គេមិនដែលបារម្ភ ឬសួរពីរឿងពាក់ព័ន្ធនឹងអ្នកឡើយ។ ដូច្នេះត្រូវសង្ស័យឱ្យហើយថា វាជាចំណុចដំបូងដែលគេមិនប្រើក្តី ស្រលាញ់ចំពោះអ្នក។
-ណាត់គ្នាហើយបញ្ចប់នៅលើគ្រែរាល់ពេល ៖ គេអាចបញ្ឆោតឱ្យសប្បាយចិត្ត ដោយការណាត់ចេញទៅទទួលទានអាហារ មើលភាពយន្ត ឬដើរផ្សារ។ ប៉ុន្តែចំណុចបញ្ចប់នៅយប់នោះ គេចមិនរួចពីរឿងលើគ្រែឡើយ។ នៅពេលបញ្ចប់ការណាត់ គេតែងរោយគាថាស្នេហ៍ ដោយពាក្យពេចន៍សែនផ្អែមល្ហែមឱ្យទន់ចិត្តតាមគ្រប់ពេល។ ប្រសិនជួបប្រទះបែបនេះ សាកល្បងតាំងចិត្តរឹងមិនព្រមក្លាយជាកូនមាន់ក្នុងកណ្តាប់ដៃគេ មើលថា ចាប់ពីពេលនេះទៅ គេនៅណាត់អ្នកទៀតឬអត់? ប្រសិនគេបាត់ឈឹងនោះ ជឿជាក់ថា គេគ្រាន់តែរំពឹងរឿងសិចប៉ុណ្ណោះ។
-និយាយតែពីរឿងអាសអាភាស ៖ រាល់ពេលដែលនិយាយគ្នា គេតែងនាំនិយាយដល់រឿងក្រោមផ្ចិតជានិច្ច ទោះខំបង្វែររឿងក៏ដោយ ក៏គេនៅព្យាយាមទាញមកជជែករឿងសិចដដែល។ ប្រសិនជួបបែបនេះ គួរឈប់និយាយជាមួយគេតែម្តង ល្អជាង ព្រោះបុរសដែលនិយាយតែរឿងលាមកជាមួយស្ត្រី ប្រហែលជាមិនមែនសុភាពបុរសឡើយ ហើយគ្មាននរណាចង់បានដៃគូបែបនេះឡើយ។
-មិនប្រាប់រឿងផ្ទាល់ខ្លួន ៖ ជារឿងប្រក្រតី ដែលមនុស្សទាក់ទងគ្នាជាគូអនាគត ត្រូវនិយាយរឿងផ្ទាល់ខ្លួន មិនថាពាក់ព័ន្ធនឹងគ្រួសារ មិត្តភក្តិ ឬការងារឱ្យស្តាប់។ ប៉ុន្តែអ្នកមិនដែលដឹងអ្វីសោះពាក់ព័ន្ធនឹងគេ។ សាកល្បងសួររឿងពាក់ព័ន្ធនឹងគេមើលខ្លះ ហើយបើគេដូចជាចង់បង្វែររឿងក្នុងការឆ្លើយ គួរសង្ស័យឱ្យហើយថា ចិត្តគេមិនបរិសុទ្ធជាមួយអ្នកពិតប្រាកដឡើយ គួរប្រញាប់ដកខ្លួនចេញឱ្យឆ្ងាយ មុននឹងជ្រុលខ្លួនច្រើនជាងនេះ។
-ធ្វើល្អមុនរួមភេទ ៖ មុនពេលគេនាំឡើងគ្រែ គេតែងនិយាយស្តីផ្អែមល្ហែម លួងលោមឱ្យស្លុងនឹងពាក្យសម្តីជានិច្ច។ ប៉ុន្តែនៅពេលបញ្ចប់កិច្ចរួចរាល់ គេតែងព្រងើយកន្តើយដាក់ និងប្រញាប់ត្រឡប់ទៅវិញគ្រប់ពេល មិនធ្លាប់ទទួលការឱបក្រសោបដ៏កក់ក្តៅ មានតែពាក្យលាខ្លីៗ ដើម្បីបានត្រឡប់ទៅផ្ទះឆាប់បំផុត និងបាត់ឈឹងរហូត ដល់គេត្រូវការអ្នកម្តងទៀត។ ប្រសិនជួបស្ថានភាពបែបនេះ ជឿជាក់ឱ្យហើយថា បុរសម្នាក់នេះគួរផ្តាច់សម្ព័ន្ធភាពនៅឱ្យឆ្ងាយបំផុតជាការប្រសើរ។
-មិនធ្លាប់នាំទៅស្គាល់មនុស្សជុំវិញខ្លួន ៖ គ្រប់គ្នាត្រូវមានសង្គមរបស់ខ្លួនឯង ពេលមានគូស្នេហ៍ក៏គួរនាំទៅឱ្យស្គាល់ យ៉ាងហោចណាស់ ក៏គួរនាំទៅស្គាល់មិត្តភក្តិរបស់គេខ្លះៗ។ ប៉ុន្តែប្រសិនគេមិនធ្លាប់នាំទៅស្គាល់សង្គមរបស់គេសោះ គឺរក្សាទុកជារឿងសម្ងាត់ទាំងអស់ គួរសួរអំពីហេតុផលដែលគេមិននាំអ្នកទៅណែនាំខ្លួនឱ្យគេស្គាល់។ បើគេបង្វែររឿងក្នុងការឆ្លើយ ឬរកហេតុផលមើលទៅមិនសមទំនង គួរតែផ្តាច់ខ្លួនចេញល្អជាងព្រមឱ្យគេបោកបញ្ឆោតបាន។
-រក្សាភ័ស្តុតាងគ្រប់ពេល ៖ ប្រសិនអាចបានទៅបន្ទប់ផ្ទាល់ខ្លួនរបស់គេពេលណា មុននឹងត្រឡប់ គេនឹងមិនព្រមឱ្យយើងបន្សល់អ្វីជាភ័ស្តុតាងឡើយ ដែលនេះបង្ហាញថា គេអាចមានអ្នកដទៃ លាក់ទុក ឬមានគូស្នេហ៍របស់គេស្រាប់ហើយ។ រឿងទាំងនេះក៏ជាការពិសោធន៍ដែលល្អដូចគ្នា ដូច្នេះ គួរចេះសង្កេតឱ្យច្បាស់មុននឹងធ្លាក់ខ្លួនជារបស់លេង ដែលគេធុញទ្រាន់ពេលណា អាចបោះបង់អ្នកចោលគ្រប់ពេលនោះ៕