Tuesday, November 19, 2024
Homeព័ត៌មានសិល្បៈប្រពន្ធរត់ចោល ដេកស្លាប់ហើមស្អុយក្នុងថ្លុកទឹក

ប្រពន្ធរត់ចោល ដេកស្លាប់ហើមស្អុយក្នុងថ្លុកទឹក

ខេត្តព្រៃវែង៖ បុរសម្នាក់ចូលចិត្តផឹកស្រាស្រវឹងជាប់ជាប្រចាំ និងចេះតែឡូឡារករឿងប្រពន្ធកូនមិនឈប់ ទីបំផុតប្រពន្ធឃាត់មិនស្តាប់ ក៏នាំកូនរត់ចោលអស់ ធ្វើឱ្យបុរសរូបនេះ ខូចចិត្តផឹកស្រាកាន់តែខ្លាំងលើសដើម ទីបំផុតក្រោយពេលបាត់ពីផ្ទះ៣ថ្ងៃ ក៏ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកទឹកមួយកន្លែង ទាំងស្ថានភាពសាកសពហើមស្អុយទៅហើយ។

ករណីប្រទះឃើញសាកសពបុរសប្រពន្ធរត់ចោល ដេកស្លាប់ក្នុងថ្លុកទឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចថ្លុកទឹកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក។

បុរសរងគ្រោះដែលដេកស្លាប់ មានឈ្មោះជូ ចន្ថន អាយុ៤៣ឆ្នាំ ជាបុរសពោះម៉ាយត្រូវប្រពន្ធកូនរត់ចោល ដោយសារតែស្រវឹងរាល់ថ្ងៃ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីអ្នកស្រុកភូមិ បានឱ្យដឹងថា ជនរងគ្រោះគឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ហើយជនរងគ្រោះ មានទម្លាប់អាក្រក់មួយត្រង់ថា ឱ្យតែស្រវឹងស្រា តែងដើរឡូឡាផ្អើលពេញភូមិ មិនស្គាល់យប់ថ្ងៃទេ ធ្វើឱ្យអ្នកភូមិធុញទ្រាន់ រកពេលដេកពួនមិនបាន ខឹងស្អប់សឹងគ្រប់គ្នា។ មិនតែប៉ុណ្ណោះ ឱ្យតែស្រវឹងធ្លាក់ភ្នែក ជនរងគ្រោះតែងរករឿងជេរបញ្ចោរប្រពន្ធកូន និងឈានដល់ការប្រើអំពើហិង្សាទៀតផង ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធនិយាយមិនស្តាប់ ទ្រាំរស់នៅជាមួយគ្នាតទៅទៀតលែងបាន ក៏នាំកូនរត់ចោលប្តីបាត់មួយរយៈមកហើយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ២-៣ថ្ងៃ ជនរងគ្រោះបានបាត់ចេញពីផ្ទះដោយមិនដឹងមូលហេតុ ព្រោះអ្នកភូមិលែងឃើញជនរងគ្រោះ ផឹកស្រាស្រវឹងដើរឡូឡាក្នុងភូមិដូររាល់ដងទៀតសោះ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ដោយសារមានការសង្ស័យ ទើបអ្នកជិតខាង៣នាក់ បាននាំគ្នាចូលទៅរកមើលជនរងគ្រោះនៅក្នុងផ្ទះ តែរកមិនឃើញសោះ លុះពេលនាំគ្នាដើរទៅរកមើលនៅខាងក្រោយផ្ទះ ជនរងគ្រោះស្រាប់តែប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់នៅក្នុងថ្លុកទឹកខាងក្រោយផ្ទះ ក្នុងសភាពហើមស្អុយទៅហើយ ដោយមិនដឹងថា ស្លាប់តាំងពីពេលណានោះទេ ទើបបង្កមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារតែខ្យល់គរ គឺដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងដេកអត់បាយរាល់ថ្ងៃ ទើបធ្វើអោយរាងកាយចុះខ្សោយខ្លាំង រហូតដល់ខ្យល់គរ ដើរដួលស្លាប់ក្នុងថ្លុកទឹកខាងក្រោយផ្ទះតែម្តង ៕

RELATED ARTICLES