Saturday, January 25, 2025
Homeព័ត៌មានជាតិស្លៀកពាក់ស្អាតបាត បែរជាទៅចងកសម្លាប់ខ្លួន ដោយសារស្រីស្នេហ៍

ស្លៀកពាក់ស្អាតបាត បែរជាទៅចងកសម្លាប់ខ្លួន ដោយសារស្រីស្នេហ៍

ខេត្តកណ្តាល ៖ យុវជនជាកម្មករអេតចាយម្នាក់ បាននិយាយទូរស័ព្ទជាមួយស្រីស្នេហ៍អស់ជាង១ម៉ោង រួចក៏ត្រឡប់មកកន្លែងដេកស្លៀកពាក់ស្អាតបាត ហើយក៏ចេញទៅក្រៅបាត់ ដោយផ្ញើទូរស័ព្ទទុកនៅមិត្តភក្តិរួមការងារ លុះព្រឹកឡើងក៏ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី០៧ កញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ។

យុវជនគិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះជា ចាន់ថន អាយុ២៣ឆ្នាំ មានលំនៅភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នជាកម្មករអេតចាយ ស្នាក់នៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ។

តាមសម្តីយុវជនឈ្មោះង៉ែត សុវណ្ណ អាយុ១៩ឆ្នាំ ជាកម្មករអេតចាយ និងដេកគ្រែជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ នៅវេលាម៉ោង១០យប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះបានដើរនិយាយទូរសព្ទ័ជាង១ម៉ោង (សង្ស័យនិយាយជាមួយស្រីស្នេហ៍) លុះពេលត្រឡប់មកពីនិយាយទូរសព្ទ័វិញ ក៏ស្រាប់តែឃើញទឹកមុខជនរងគ្រោះហាក់មិនសូវល្អសោះ ពេលនោះខ្លួនក៏បានសួរនាំដែរថាមានរឿងអី? តែជនរងគ្រោះមិនឆ្លើយប្រាប់ទេ តែបែរជាផ្ញើទូរស័ព្ទទុកនៅនឹងគេ ហើយផ្តាំថា បើមានអ្នកផ្ទះខ្ញុំតេមក ជួយប្រាប់ផង។

ប្រភពដដែលបន្តថា បន្ទាប់មកជនរងគ្រោះក៏បានរៀបចំស្លៀកពាក់ខោអាវថ្មីៗយ៉ាងស្អាត រួចក៏ដើរចេញទៅក្រៅ លុះពេលរូបគេសួរនាំជនរងគ្រោះមិនបានឆ្លើយតបវិញសោះ រួចក៏ដើរចេញបាត់ទៅ ចំណែករូបគេក៏មិនបានចាប់អារម្មណ៍អ្វីដែរ ក៏បានចូលដេកលង់លក់ទៅ។ រហូតមកដល់វេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ក៏មានកម្មករអេតចាយដូចគ្នាប្រទះឃើញជនរងគ្រោះចងកនឹងខ្សែភ្លើងភ្ជាប់ នឹងរបាដែកជញ្ជាំងរោងដាក់អេតចាយស្លាប់បាត់ហើយ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនត្យតែម្តង។

ក្រោយទទួលព័ត៌មានខាងលើភ្លាម កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មការពិនិត្យ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ពន្ធ័ និងអាជ្ញាធរ។ លុះពិនិត្យរួច ក៏បញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនមែន ដោយប្រើខ្សែភ្លើងពណ៌ក្រហម ចងភ្ជាប់នឹងរបាដែកជញ្ជាំងរោងដាក់អេតចាយ ហើយសពមានស្នាមជាំជុំវិញក ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ៕

RELATED ARTICLES