ខេត្តកំពង់ធំ ៖ កម្មកររោងម៉ាស៊ីនវ័យក្មេងម្នាក់ កំពុងកាយអង្កាមចូលតៅបង្ហូរចូលឡសុខៗ ក៏ស្រាប់តែធ្លាក់ដែកកាយចូលទៅក្នុងនោះ ទើបចុះទៅយក ស្រាប់តែអកុសល គំនរអង្កាមបានបាក់សង្កត់ពីលើជនរងគ្រោះ បណ្តាលឱ្យថប់ដង្ហើមស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុន LBN អង្ករកម្ពុជា មានទីតាំងស្ថិតក្នុងស្រុកស្ទោង។
យុវជនរងគ្រោះដែលបាត់បង់ជីវិតក្នុងពេលកំពុងបំពេញការងារនេះ មានឈ្មោះចន សុភ័ក្រ អាយុ១៦ឆ្នាំ មុខរបរកម្មកររោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន LBN អង្ករកម្ពុជា និងមានលំនៅក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង។
តាមសម្តីបុរសឈ្មោះង៉ែត ងួន អាយុ៤៥ឆ្នាំ ជាកម្មកររោងម៉ាស៊ីនកិនស្រូវជាមួយគ្នា និងជាអ្នកដែលបានប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានធ្វើការកាយអង្កាមចូលទៅក្នុងតៅបង្ហូរចូលឡ លុះកំពុងកាយសុខៗ ស្រាប់តែដែកដែលជនរងក្រោះកាន់កាយអង្កាម បានធ្លាក់ចូលទៅក្នុងតៅនោះ ដែលមានជំរៅប្រមាណ២,៥០ម៉ែត្រ ទើបជនរងគ្រោះបានចុះទៅដល់បាត តៅ បំណងរើសដែក ស្រាប់តែអកុសល ភ្លាមនោះគំនរអង្កាមដែលនៅពីលើ បានរអិលបាក់ចូលសង្កត់ពីលើជនរងគ្រោះតែម្តង។
ប្រភពដដែលបន្តថា ភ្លាមនោះ គាត់ក៏បានស្រែកឆោឡោឡើង ហៅកម្មករដែលនៅក្បែរនោះជាច្រើននាក់ មកជួយកាយអង្កាមចេញ ដើម្បីយកជនរងគ្រោះឡើងមកលើវិញ ដោយប្រើពេលប្រមាណជាង២០នាទីឯណោះទម្រាំយកជនរងគ្រោះចេញមកបាន និងឃើញថា ជនរងគ្រោះបានសន្លប់បាត់ស្មារតីទៅហើយ ទើបប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកស្ទោងភ្លាមៗ ដើម្បីសង្គ្រោះជីវិត តែអកុសល ពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួច បានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹកសាកសពត្រឡប់មកផ្ទះប្រគល់ឱ្យក្រុមគ្រួសារវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង៕