ខេត្តសៀមរាប ៖ បុរស២នាក់ ត្រូវជាឪពុកមា និងក្មួយបង្កើតនឹងគ្នា បានទិញស្រាយកមកអង្គុយផឹកស៊ីជុំគ្នា ដោយផឹកបណ្តើរជជែកគ្នាលេងពីនេះពីនោះបណ្តើរ សើចសប្បាយក្អាកក្អាយ លុះក្រោយពីស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមក្លែមពាក្យសម្តីដាក់គ្នាទៅវិញទៅមក រហូតធ្វើឱ្យកើត ជាទំនាស់តឹងសរសៃកដាក់គ្នា ហើយភ្លាមនោះ ក្មួយប្រុសទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញដំបងឈើជ្រុង មកវាយសំពងឪពុកមាបង្កើតរបស់ខ្លួនចំក្បាល បណ្តាលឱ្យរយះក្បាលរងរបួសយ៉ាងធ្ងន់។
ករណីអំពើហិង្សា ក្មួយប្រុសសំពងឪពុកមារយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ។
ជនដៃដល់ខាងលើ មានឈ្មោះហៃ ហាន អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាឪពុកមា មានឈ្មោះប៉ក់ អិក អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ មានស្រុកកំណើតនៅភូមិស្ករ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ តែបច្ចុប្បន្នមក ស្នាក់នៅភូមិឃុំកើតហេតុខាងលើ (នៅផ្ទះជាមួយជនដៃដល់)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនរងគ្រោះ និងជនដៃដល់នេះ ត្រូវជាពូក្មួយនឹងគ្នា ហើយកន្លងមកឃើញត្រូវរ៉ូវគ្នាល្អណាស់ ព្រោះជាមនុស្សចូលចិត្តផឹកស៊ីដូចគ្នា តែងទិញស្រាផឹកជុំគ្នាជារឿយៗ និងមិនធ្លាប់កើតមានបញ្ហា ឬជំលោះអ្វី រហូតដល់ថ្នាក់ប្រើអំពើហិង្សា ធ្ងន់ធ្ងរបែបនេះឡើយ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ បាននាំគ្នាទៅទិញស្រាមកអង្គុយផឹកជាមួយគ្នា ដោយផឹកស៊ីតាំងពីព្រឹក ផឹកបណ្តើរ ជជែកគ្នាលេងបណ្តើរ និងឮតែសំឡេងសើចក្អាកក្អាយខ្ទរខ្ទាដល់ផ្ទះអ្នកជិតខាង។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពីជាតិស្រាជ្រាបសព្វពេញខ្លួន ធ្វើឱ្យស្រវឹងធ្លាក់ភ្នែករៀងខ្លួន ពូក្មួយខាងលើ ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នា រហូតកើតជាការទាស់សម្តីតឹងសរសៃកដាក់គ្នា ហើយភ្លាមនោះ ជនដៃដល់ជាក្មួយប្រុស ក៏បានស្ទុះទៅទាញដំបងឈើជ្រុង មកវាយប្រហារឪពុកមារបស់ខ្លួន បណ្តាលឱ្យបែករយះក្បាល ហូរឈាមស្រោចខ្លួន រងរបួសធ្ងន់តែម្តង និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋ មកជួយអន្តរាគមន៍ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់ជាក្មួយប្រុស ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសំពងឪពុកមា នឹងឈើជ្រុងមែន មូលហេតុ ដោយសារតែរូបគេផឹកស្រាស្រវឹងខ្លាំងពេក ណាមួយកើតមានទំនាស់ពាក្យសម្តីនឹងគ្នាផង ទើបទប់កំហឹងមិនបាន ក៏វាយឪពុកមា១ដំងតែម្តង៕