ភ្នំពេញ ៖ បុរសជាប្តីម្នាក់មានចិត្តប្រចណ្ឌប្រពន្ធខ្លាំងណាស់ លុះគ្រាន់តែប្រពន្ធរបស់ខ្លួនធ្វើការងារថែមម៉ោងយប់ច្រើនពេក ក៏កើតជាភ្លើងប្រចណ្ឌ រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតឈានដល់ការទាមទារលែងលះគ្នា លុះឈឺចិត្តស្អិតទ្រូងខ្លាំងពេក ស្រាប់តែសម្រេចចិត្តគិត ខ្លីចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូន២នាក់ ឱ្យរស់នៅកំព្រារងាគ្មានទីពឹង។
ករណីចងកធ្វើអត្តឃាត ប្តីចងកសម្លាប់ខ្លួនចោលប្រពន្ធកូន ព្រោះភ្លើងប្រចណ្ឌខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ជួលលេខ០៩ ជាន់ទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
បុរសគិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះប៊ុត សាវុធ អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិស្នេហ៍រាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង មានប្រពន្ធឈ្មោះវ៉ែន ពៅ អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិនាងទទឹង ឃុំទឹកហូរ ស្រុកលលាប្អៀរ ខេត្តកំពង់ឆ្នាំង ព្រមទាំងមានកូនស្រី២នាក់ក្នុងបន្ទុក។ ប្តីប្រពន្ធអ្នកទាំងពីរ មានស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង គឺជាមនុស្សដែលមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងណាស់ ទើបធ្វើឱ្យក្រុមគ្រួសារនាងរស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ឧស្សាហ៍កើតមានទំនាស់ជាញឹកញាប់ ដោយសារតែប្តីចេះតែមានចិត្តសង្ស័យ ប្រចណ្ឌ នាងជាប្រពន្ធមិនឈប់។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ ដោយសារតែរោងចក្រមានការងារច្រើន ហេតុនេះទើបនាងត្រូវធ្វើការថែមម៉ោងរហូតដល់ម៉ោង៨យប់រាល់ថ្ងៃ ជាហេតុធ្វើឱ្យប្តីរបស់នាង ចេះតែរករឿង សួរនាំនាងមិនឈប់ ហើយទោះជានាងប្រាប់ថា នាងជាប់រវល់ថែមម៉ោងក៏ប្តីមិនជឿ ចេះតែចោទថានាងកុហករហូត។ លុះមកដល់វេលាម៉ោង៨យប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នាងទើបនឹងចេញពីធ្វើការថែមម៉ោងនៅរោងចក្រវិញ មកដល់ផ្ទះ ក៏ស្រាប់តែប្តី រករឿងប្រចណ្ឌនាង ដោយចោទនាងថាអ៊ីចេះអ៊ីចុះ ទោះជានាងពន្យល់ហេតុផលយ៉ាងណា ក៏ប្តីមិនស្តាប់ដែរ ទើបធ្វើឱ្យនាងខឹង ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប៉្រាវ ស្រាប់តែប្តីបានទាមទារលែងលះគ្នាទាំងយប់ ចំណែកនាងដោយសារតែក្តៅឆួលចិត្តមួយឆាវដែរ ទើបនិយាយទៅកាន់ប្តីវិញថា ចង់លែងគ្នាក៏លែងទៅ តែចាំព្រឹកចាំលែង ព្រោះពេលនេះយប់ហើយ។ បន្ទាប់ពីទាស់ពាក្យសម្តីគ្នាហើយ នាងនិងប្តី ក៏បានចូលដេករៀងខ្លួនទៅ ដោយតមមាត់តមកគ្នាពេញ១យប់។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងទៀតថា លុះព្រឹកឡើងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នាងនិងប្តីក៏មិនបាននិយាយរកគ្នាដែរ ចំណែកនាងក៏បានចេញធ្វើការរោងចក្រតាមធម្មតា ហើយនៅពេលថ្ងៃត្រង់ នាងក៏មិនបានមកហូបបាយនៅផ្ទះដែរ គឺហូបបាយនៅរោងចក្រ។ រហូតមក ដល់វេលាម៉ោង៤រសៀល ថ្ងៃដដែល ខណៈដែលនាងចេញពីធ្វើការត្រឡប់មកផ្ទះវិញ ឃើញទ្វារខាងក្រៅអត់ចាក់សោតែខ្ទាស់គន្លឹះពីខាងក្នុង ទើបនាងនឹកស្មានថាប្តីអត់ទៅធ្វើការ ក៏បា់នគោះទ្វារផ្ទះដើម្បីឱ្យប្តីបើកទ្វារ តែមិនឃើញប្តីចេញមកបើកទ្វារសោះ ធ្វើឱ្យនាងមានការសង្ស័យ ក៏បាន ហៅបងប្អូនសាច់ញាតិរបស់ប្តី មកជួយគ្នាគាស់កញ្ចក់ទ្វារចេញ ហើយលូកដៃបើកគន្លឹះទ្វារ ហើយរុញទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញប្តីរបស់នាង បានចងកស្លាប់បាត់ទៅហើយ ដោយមិនដឹងជាចងកស្លាប់ តាំងពីពេលណាមកនោះទេ ធ្វើឱ្យនាងភ័យតក់ស្លុតយ៉ាងខ្លាំង ក៏ស្រែកឆោឡោឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង៕