ភ្នំពេញ ៖ ទារកអភ័ព្វម្នាក់ ដែលទើបនឹងសម្រាលបានប៉ុន្មានថ្ងៃ ត្រូវបានម្តាយចិត្តអប្រិយ យកមកប្លុងចោលដោយគ្មានអាសូរ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ មានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយ ដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិក្រាំងដូនតី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ទារកខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ ទើបនឹងសម្រាលបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ចំណែកឪពុកម្តាយ ក៏មិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណផងដែរ។
តាមសម្តីបុរសម្នាក់រស់នៅភូមិឃុំកើតហេតុខាងលើ និងជាអ្នកដែលប្រទះឃើញទារកអភ័ព្វខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដើរទៅខាងក្រោយដីឡូតិ៍របស់គាត់ បំណងមើលរបងស័ង្កសីដែលត្រូវក្មេងៗហែករបើករបាញអស់ ដោយគិតថា នឹងចាក់សោឱ្យជាប់។ លុះទៅដល់ គាត់ក៏បានស្តាប់លឺសំឡេងទារកយំ ដែលដំបូងឡើយ គាត់នឹកស្មានថាជាសំឡេងកូនឆ្មា លុះស្តាប់ឱ្យមែនទែនទៅ ទើបដឹងថា ជាសំឡេងទារក ក៏ដើរទៅរកមើល ស្រាប់តែប្រទះឃើញ ទារកអភ័ព្វខាងលើ ត្រូវបានគេយកមកប្លុងចោល ដោយរុំនឹងសារុង ព្រមទាំងភួយ នៅជាប់ខាងក្រោយរបងដីឡូតិ៍របស់គាត់តែម្តង។
ប្រភពដដែលបន្តថា នៅពេលឃើញសភាពទារកដ៏គួរឱ្យអាណិតអាសូរបែបនេះ គាត់ក៏បានបីទារកខាងលើ យកទៅផ្ទះមេភូមិដែលនៅ ក្បែរផ្ទះរបស់គាត់ស្រាប់ ដើម្បីឱ្យជួយអន្តរាគមន៍ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោលរោមមើលគ្រប់គ្នាតែម្តង។
ក្រោយកើតហេតុ គេឃើញប្រជាពលរដ្ឋបានចោមរោមមើលទារកខាងលើយ៉ាងកុះករ ប៉ុន្តែគ្មានអ្នកណាម្នាក់បានស្គាល់ ឬដឹងថា ឪពុកម្តាយទារកនេះ គឺជាអ្នកណាឡើយ។ ជាមួយនេះ ក៏មានអ្នកស្នើសុំយកទៅចិញ្ចឹមផងដែរ ប៉ុន្តែមេភូមិនៅមិនទាន់ហ៊ានសម្រេចយ៉ាងណានៅឡើយ ដោយរង់ចាំរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច មកជួយដឹងលឺ និងចាត់ចែងបន្ត។
ប្រជាពលរដ្ឋដែលចោមរោមមើលទារកអភ័ព្វខាងលើ បាននាំគ្នាលើកឡើងថា ទារកខាងលើនេះ ពិតជាមានវាសនាអភ័ព្វខ្លាំងណាស់ កើតមកចំម្តាយឪពុក ដែលគ្មានព្រហ្មវិហារធម៌ បង្កើតកូនមកហើយ មិនព្រមប្រឹងប្រែងចិញ្ចឹមបីបាច់ បែរជាយកមកប្លុងចោលដូចសត្វធាតុទៅវិញ ហើយសូម្បីតែសត្វធាតុក៏ចេះស្រលាញ់ ការពារកូនរបស់ខ្លួនដែរ ផ្ទុយទៅវិញឪពុកម្តាយទារកនេះ មិនដឹងជាបេះដូងសាងពីអ្វីនោះទេ បានជាគ្មានធម៌មេត្តា ដាច់ចិត្តបែបនេះ៕