Friday, January 24, 2025
Homeព័ត៌មានជាតិម៉ែរវល់ធ្វើម្ហូប កូន១ខួបកន្លះ ដើរធ្លាក់ទឹកស្លាប់

ម៉ែរវល់ធ្វើម្ហូប កូន១ខួបកន្លះ ដើរធ្លាក់ទឹកស្លាប់

ខេត្តកណ្តាល ៖ ក្មេងប្រុសអាយុទើប១ខួបកន្លះម្នាក់ ឆ្លៀតពេលម្តាយរវល់ដាក់ដាំស្លនៅក្នុងផ្ទះបាយ ចំណែកឪពុកកំពុងដេកលក់ ក៏ដើរលេងទៅក្រោយផ្ទះតែម្នាក់ឯង ស្រាប់តែអកុសល រអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះលឿន ខេមរា អាយុ១ខួបកន្លះ រស់នៅក្នុងបន្ទុកឪពុកម្តាយ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ នាងរវល់ដាក់ដាំបាយធ្វើម្ហូបនៅក្នុងផ្ទះបាយ ចំណែកប្តីបានដេកអង្រឹងនៅក្រោមផ្ទះ ដោយទុកកូនប្រុសតូចម្នាក់ ទើបនឹងអាយុ១ខួបកន្លះ ឱ្យនៅដើរលេងនៅក្រោមផ្ទះតែ ម្នាក់ឯង។ លុះរួចដៃពីការងារ នាងក៏ស្រែកហៅកូន តែមិនលឺសំឡេងកូនប្រុសឆ្លើយតបសោះ ទើបប្រញាប់រត់ទៅហៅប្តីឱ្យជួយដើរតាមរកកូន តែរកមិនឃើញសោះ។ លុះសង្ស័យកូនប្រុសដើរទៅលេងទឹកនៅខាងក្រោយផ្ទះ ដែលត្រូវទឹកជំនន់លិចអស់ នៅសល់តែក្រោមផ្ទះ ក៏ស្រាប់តែ ប្រទះឃើញកូនប្រុសនៅក្នុងទឹកជម្រៅ០,៧ម៉ែត្រ ចំហៀងខាងក្រោយផ្ទះ។

ក្រោយកើតហេតុ គេឃើញឪពុកម្តាយក្មេងប្រុសរងគ្រោះ បានប្រញាប់ស្រង់កូន រួចដឹកទៅកាន់មន្ទីរពេទ្យដើម្បីឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះដែរ តែពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួចប្រាប់ថា ក្មេងប្រុសរងគ្រោះ បានស្លាប់បាត់ទៅហើយ ទើបដឹកសាកសពកូនប្រុស ត្រឡប់មកផ្ទះវិញ និងបានរាយកាណ៍ជូនសមត្ថកិច្ច ចុះមកពិនិត្យតែម្តង៕

RELATED ARTICLES