ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់ បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះចាប់ផ្តើមស្រវឹងធ្លាក់ភ្នែក ក៏និយាយគងពាក្យសម្តីគ្នាបន្តិចបន្តួច កើតជាការប្រកាន់គ្នាទៅវិញទៅមករករឿងឈ្លោះប្រកែកគ្នា រហូតឈានដល់អំពើហិង្សា ដោយភាគីម្ខាងបានទាញពូថៅកាប់ប្រហារ គូទំនាស់របស់ខ្លួន១ពូថៅ បណ្តាលឱ្យរយះត្រង់ចំណុចក្រោមក្លៀករងរបួសធ្ងន់។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១១នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស។
ជនបង្កហេតុ មានឈ្មោះប៉ុន ចាន់ អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះអូន សុភ័ក្រ អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា (រងរបួសត្រង់ក្រោមក្លៀកខាងឆ្វេង)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កបានទៅទិញស្រាមកអង្គុយផឹកស៊ីជុំគ្នា លុះពេលស្រវឹងជោកជាំ ក៏ចាប់ផ្តើមប្រកាន់ពាក្យសម្តីគ្នាទៅវិញទៅមក ធ្វើឱ្យកើតជាជំលោះតឹងសរសៃក និងឈានដល់អំពើហិង្សា ដោយភាគីជន បង្កបានទាញពូថៅ មកកាប់ប្រហារទៅលើជនរងគ្រោះចំក្រោមក្លៀកខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង៕